រដ្ឋបាលជលផលព្យាករណ៍ថា ផលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបឆ្នាំ២០១៩
កណ្ដាល៖ រដ្ឋបាលជលផលបានព្យាករណ៍ថា ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នារសៀលថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល។
ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ។
តាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ។ បើយោងតាមសេចក្តីរាយការណ៍របស់មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។
តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ៕