គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រលានយន្ដហោះអន្ដរជាតិ ​នៅខេត្ដ​សៀមរាប សាងសង់សម្រេចបានជាង ៣០% ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០​ |
    ព្រលានយន្ដហោះអន្ដរជាតិ ​នៅខេត្ដ​សៀមរាប សាងសង់សម្រេចបានជាង ៣០% ហើយ​ ព្រលានយន្ដហោះអន្ដរជាតិ ​នៅខេត្ដ​សៀមរាប សាងសង់សម្រេចបានជាង ៣០% ហើយ​

    សៀមរាប ៖ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាកាស​យាន្ដដ្ឋាន​អន្ដរជាតិសៀមរាបអង្គរ​ (Angkor International Airport Investment(Cambodia)Co Ltd) ហៅកាត់ថា AIAI លោក Lu Wei បានថ្លែងថា ក្រុមហ៊ុនលោកបានដាក់ផែនការក្នុងការ ពន្លឿន​ ការសាងសង់អាកាសយាន្តដ្ឋាននេះ ឲ្យសម្រេចបាន៦៧ភាគរយ ត្រឹមដំណាច់ឆ្នាំ២០២១ ខណៈដែលការងារសាងសង់ នាពេលបច្ចុប្បន្ននេះ បានសម្រេចបានជាង៣០% ។

    លោក Lu Wei អគ្គនាយកក្រុមហ៊ុនAIAI បានថ្លែងនៅក្នុងកិច្ចប្រជុំ នៃដំណើរទស្សនកិច្ច​ ការដ្ឋានជាលើកទី២ របស់ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងដឹកនាំគណៈប្រតិភូសិក្សាបន្ថែម អំពីវឌ្ឍនភាព នៃគម្រោងនេះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។

    លោក Lu Wei បានថ្លែងទៅកាន់ក្រុមប្រតិភូថា ​ចាប់តាំងពីគម្រោងបើកការដ្ឋានសាងសង់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ បានបញ្ចប់ប្រមាណ១២ភាគរយហើយ​ រួមទាំង បានបុកគ្រឹះប្រមាណ១២៦៧ បានបញ្ចប់១០០ភាគរយ។ នៅក្នុងអាគារអ្នកធ្វើដំណើរសម្រាប់ជាន់ផ្ទាល់ដី​ និងជាន់ទី១ បានចាក់បេតុងរួចរាល់១០០ភាគរយ ចាក់បេតុងនៅជាន់ទី២ បាន២៥ភាគរយ ខណៈ ដែលប៉ុន្មានខែនេះ ក្រុមការងារធ្វើ​ទាំងថ្ងៃទាំងយប់។ លោក បន្ថែមថា កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ ពួកគេ បានចាប់ផ្តើមការងារសាងសង់កន្លែងស្តុកប្រេងយន្តហោះ ហើយក្រោយមកនៅថ្ងៃទី១ ខែវិច្ឆិកា គឺយើងបានចាប់ផ្តើមការងារនៅក្នុងតំបន់ហោះហើរ រហូតមកដល់បច្ចុប្បន្ននេះ។ ការឈូសឆាយដីបាន៨០ភាគរយហើយ ខណៈដែលការងារហេដ្ឋារចនាសម្ព័ន្ធដែលរួមទាំងស្ពានអាកាស អាគារសម្រាប់ធ្វើការ និងអាគារសម្រាប់ស្នាក់នៅរបស់បុគ្គលិកប្រចាំការ និងការសាងសង់អាគារធ្វើការរបស់អង្គភាពរដ្ឋាភិបាល។

    លោក Lu Wei បានបញ្ជាក់ថា ក្រុមហ៊ុនក៏បានធ្វើការតភ្ជាប់ផ្លូវ ពីព្រលានទៅកាន់ផ្លូវជាតិលេខ៦ និងបច្ចុប្បន្នពីផ្លូវជាតិលេខ៦៤ ពីផ្លូវអ្នកធ្វើដំណើរ ក្រុមហ៊ុនក៏បានសាងសង់ផ្លូវ៨គីឡូម៉ែត្ររួចរាល់ហើយ ដែលគ្រោងនឹងចាក់បេតុងថ្ងៃក្រោយ។លោក បន្ថែមថា នៅសល់ផ្លូវ១៦,៥ គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៦៤ ទៅផ្លូវជាតិលេខ៦ កំពុងតែធ្វើការងារដែលពាក់ព័ន្ធនានា និងសាងសង់របង ព្រមទាំងរៀបចំតទឹកស្អាតពីទីរួមខេត្ត ខណះដែលក្រុមហ៊ុន កំពុងពិភាក្សាជាមួយ EDC ដែលគ្រោងនឹងចុះ MoU ផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំក្រោយជាផ្លូវការជាមួយចំនួន230KW ។ សម្រាប់ការដ្ឋានសាងសង់ហើយក៏បានរៀបចំសាងសង់អនុស្ថានីយថ្មី១ ហើយយើងក៏មានគម្រោងចុះ MoUផងដែរ។

    ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាន កោតសរសើរជាមួយកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ទោះបី ជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្អាក់ដំណើការនៃការសាងសង់ខ្លះៗ ក៏ដោយ។ឯកឧត្ដម បានកោតសរសើរក្រុមហ៊ុន និងសហការីដែល​ខិតខំប្រឹងប្រែងអនុវត្តការងាររបស់គាត់ បើគ្មានការខិតខំប្រឹងប្រែងក្នុងនាមតំណាងអោយក្រុមប្រឹក្សាភិបាល ក៏លទ្ធផលរបស់យើងក៏មិន​បានទទួលដូចថ្ងៃនេះដែរ។

    លោក បានថ្លែងបន្តទៀតថា តាមរយៈការរាយការណ៍របស់លោកអគ្គនាយក ឯកឧត្ដម អាចវាយតម្លៃជារួមគឺយើងបានសម្រេចបានជាង៣០ភាគរយនៃគម្រោងរួមទាំងអស់។ឯកឧត្ដម ជឿជាក់ថា ឆ្នាំ២០២១ នឹងបញ្ចប់៦៧ភាគរយ ហើយឆ្នាំ២០២២ នៅសល់ការងារមិនជាធំដំនោះទេ អញ្ចឹងបានន័យថា នៅសល់៣៤ភាគរយទៀតឆ្នាំ២០២២ នឹងបញ្ចប់គម្រោងទាំងស្រុងសម្រាប់អាកាសយាន្តដ្ឋាន​សៀមរាបថ្មីនេះ៕ ប្រភព៖ BTV

    អត្ថបទទាក់ទង