ពលករខ្មែរជាង ៩ពាន់នាក់នៅខេត្តសាមុទ្រសាខន មិនមានឆ្លងកូវីដ១៩ ទេ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ធ្នូនេះ ពលករខ្មែរប្រមាណជាង៩ពាននាក់ នៅខេត្តសាមុទ្រសាខន ប្រទេសថៃ មិនមានឆ្លងជំងឺកូវីដ១៩ ឡើយ ទោះបីក្នុងពេលបច្ចុប្បន្នប្រទេសថៃកំពុងមានការបន្តផ្ទុះករណីឆ្លងជំងឺកូវីដ១៩ ជាសហគមន៍ ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ក្នុងឆ្នាំ២០២០ មានពលករខ្មែរស្របច្បាប់ប្រមាណជាង៥០ម៉ឺនដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងនោះសម្រាប់ខេត្តសាមុទ្រសាខនដែលមានការផ្ទុះឡើងនូវករណីឆ្លងជាសហគមន៍ទ្រង់ទ្រាយធំ មានពលករខ្មែរប្រមាណ៩ពាន់នាក់ ដែលកំពុងបន្តការងារនៅទីនោះ។ ឯកឧត្ដមបន្តថា ក្នុងពេលស្ថានភាពប្រទេសថៃកំពុងបន្តកើនឡើងនូវករណីឆ្លងកូវីដ១៩ សម្រាប់ខេត្តសាមុទ្រសាខន ដែលជាតំបន់ដំបូងផ្ទុះនូវករណីជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ គិតត្រឹមថ្ងៃនេះ មិនមានពលករខ្មែរណាម្នាក់នៅក្នុងខេត្តនេះ ឆ្លងជំងឺកូវីដ១៩ឡើយ។
ឯកឧត្តម អ៊ូក សោភ័ណ បានបន្តទៀតថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងការងារ និងក្រសួងសុខាភិបាលថៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធប្រទេសថៃ ដើម្បីការពារពលករខ្មែរ។ ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់បងប្អូនពលករខ្មែរទាំងអស់មេត្តាបន្តចូលរួមសហការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលប្រទេសទាំង២ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
សូមជម្រាបជូនថា ក្រសួងការងារថៃបានចេញសេចក្តីប្រកាសស្តីពីការស្នើកិច្ចសហការសហគ្រាស ក្រុមហ៊ុននានា ត្រូវអនុវត្តហាមពលករចល័តចេញចូលតំបន់ដែលមានផ្ទុះករណីជំងឺកូវីដ១៩ ដោយត្រូវមានវិធានការការពារនិងអនុវត្តរួមមាន ត្រូវវាស់កម្តៅ និងប្រសិនបើពលករបរទសនោះមានអាការ:ក្តៅ ឬក្អកត្រូវអនុញ្ញាតឱ្យសម្រាកពីការងារជាបន្ទាន់ ឬរាយការណ៍ជាបន្ទាន់ទៅភ្នាក់ងារសុខាភិបាល ដើម្បីធ្វើចត្តាឡីស័កភា្លមៗ, ត្រូវលាងសម្អាតដៃ ដោយអាល់កុល ជាប្រចាំនៅកន្លែងធ្វើការ , ពលករត្រូវពាក់ម៉ាស ស្រោមដៃ និងរក្សាគម្លាតប្រវែង២ម៉ែត្រអំឡុងពេលបំពេញការងារ , ផ្សព្វផ្សាយពលករឱ្យយល់ដឹងពីវិធីបង្ការជំងឺកូវីដ១៩ ដើម្បីជៀសវាងការឆ្លងរាតត្បាតពីជំងឺកូវីដ១៩៕