ក្រសួងសុខាភិបាល ព្រមានធ្វើការផាកពិន័យ ៥លានរៀល ឬអាចដកអាជ្ញាប័ណ្ណវិញ ចំពោះកន្លែងផ្ដល់សេវាសុខាភិបាលឯកជនណាដែលមិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានព្រមានជាថ្មីម្តងទៀតយ៉ាងម៉ឺងម៉ាត់បំផុត រហូតដល់ធ្វើការផាកពិន័យចំនួន ៥លានរៀល ឬអាចនឹងដកអាជ្ញាប័ណ្ណមកវិញ ចំពោះទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនណាមិនព្រមចេញវេជ្ជបញ្ចាតាមកុំព្យូទ័រ ហើយនៅតែសរសេរដោយដៃខ្ជីខ្ជាទៀតនោះ។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលផ្ញើជូនម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់។
ក្នុងលិខិតនោះបានឲ្យដឹងថា រយៈកាលកន្លមកនេះ ក្រសួងសុខាភិបាលបានសង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ។ ទន្ទឹមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀតនៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។
ដោយហេតុនេះ ក្រសួងសុខាភិបាលបានធ្វើការព្រមាន ក្នុងករណីដែលមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងហ្មឹងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះ និងធ្វើការផាកពិន័យជាប្រាក់ចំនួន ៥លានរៀល តាមប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាល ឬដកយកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀត៕