គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រាសាទ​ដំរី​ក្រាប ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ​ត្រូ​វ​បាន​ជួស​ជុល​រួច​រាល់​ជាស្ថាពរ​ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |
    ប្រាសាទ​ដំរី​ក្រាប ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ​ត្រូ​វ​បាន​ជួស​ជុល​រួច​រាល់​ជាស្ថាពរ​ហើយ​ ប្រាសាទ​ដំរី​ក្រាប ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ​ត្រូ​វ​បាន​ជួស​ជុល​រួច​រាល់​ជាស្ថាពរ​ហើយ​

    នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ចប់​ការ​ជួស​ជុល​ប្រាសាទ​ដំរី​ក្រាប នៅ​លើ​ភ្នំគូលែន​ហើយ​ បន្ទាប់​ពី​ប្រាសាទ​នេះ​មា​ន​ខឿន​ពុក​ផុយ ​និង​ស្រុតផ្នែ​ក​ខាង​លិច​ រីឯ​ជញ្ជាំង​មាន​ប្រេះហែក​ជា​ច្រើន​កន្លែង ​ស៊ុម​ទ្វារ​ខាង​កើត​បម្រុ​ង​ជ្រុះធ្លា​ក់ ​និង​មាន​ការ​ពុក​ផុយ​ផ្នែក​ខ្លះ​នៃ​ដំបូល​។

    លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ការខូចខាតទាំងនេះបណ្តាលមកពីកត្តាមនុស្ស ធម្មជាតិ និងអាយុកាលដែលជាមូលហេតុចម្បង ដូចជា៖ មានជនខិលខូចជីកកកាយគ្រឹះប្រាសាទ ឫសឈើដុះចាក់ហែកខឿន ជញ្ជាំង និងដំបូលប្រាសាទ ហើយដើមឈើខ្លះទៀតរលំសង្កត់លើតួប្រាសាទ។

    លោក ឡុង កុសល បានឱ្យដឹងទៀតថា ក្នុងការងារជួសជុលប្រាសាទនេះ ក្រុមការងារបានពង្រឹងខឿនដែលពុកផុយនៅជ្រុងទាំង៤ រៀបពង្រឹងខឿនផ្នែកខាងលិចដែលស្រុត ចាក់ថ្នាំសម្លាប់កូនរុក្ខជាតិ និងសម្អាតឫសដើមឈើដែលដុះលើជញ្ជាំង និងដំបូលប្រាសាទ ដើម្បីបញ្ឈប់ការលូតលាស់របស់ដើមឈើបន្តទៀត។

    លោក ឡុង កុសល បានបញ្ជាក់ថា ក្រុមការងារក៏បានជួសជុលពង្រឹងផ្នែកដំបូល ស៊ុមទ្វារខាងកើត ជ្រុងប្រាសាទនៅរួតទី១ និងទី២ ដំឡើងសសរពេជ្រចូលទីតាំងដើមវិញ និងរើរៀបពង្រឹងកាំជណ្តើរខាងមុខ បិទភ្ជិតជញ្ជាំងប្រេះហែក ពុកផុយ រៀបបំពេញក្បាលសសរផ្អោបខាងកើតនិងខាងលិចឡើងវិញ សម្អាតដីនៅរួតទី១ លុបថ្នក់ទឹក និងធ្វើចង្អូររំដោះទឹកភ្លៀងចេញពីប្រាសាទផងដែរ៕

     

    អត្ថបទទាក់ទង