សម្តេច ទៀ បាញ់៖ ដំណក់ប្រេងដំបូងរបស់កម្ពុជានឹងយកមកឆ្លាក់នៅក្នុងវិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងឲ្យដឹងថា ដំណក់ប្រេងកាតដំបូងរបស់កម្ពុជា បានកើតឡើងចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះ ឈ្នះ ហើយនឹងរៀបចំឆ្លាក់ជាប្រវត្តិសាស្ត្រនៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ នាពេលខាងមុខនេះ ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ក្រោយពីទស្សនាសមិទ្ធផលនានានៅក្នុងបរិវេណវិមានឈ្នះ ឈ្នះ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា វាជាប្រវត្តិសាស្ត្រជោគជ័យយ៉ាងធំធេងរបស់កម្ពុជា នាពេលនេះដែលប្រេងនៅក្នុងឈួកសមុទ្ររបស់កម្ពុជា បានស្រក់ចេញចំថ្ងៃខួបអនុស្សាវរីយ៍លើកទី២២របស់កម្ពុជា ដែលបានកើតចេញពីគោលនយោបាយ ឈ្នះ ឈ្នះនោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងនាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០នេះថា កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុនោះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់តាមរយៈហ្វេសបុកសម្តេចថា «ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ(២៩ធ្នូ១៩៩៨–២៩ ធ្នូ ២០២០)។ ថ្ងៃទី២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០នេះ»។
យ៉ាងណាក៏ដោយសម្តេចពិជ័យសេនា ទៀ បាញ់ មិនទាន់បានបញ្ជាក់ពេលវេលាច្បាស់លាស់ថា នឹងត្រូវឆ្លាក់ដំណក់ប្រេងដំបូងរបស់កម្ពុជានាពេលណានោះឡើយ ហើយសម្តេចក៏មិនបានបញ្ជាក់ថា នឹងត្រូវឆ្លាក់ត្រង់ចំណុចណានោះដែរ៕ ប្រភព៖ BTV