គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងយុត្តិធម៌៖ សំណុំ​រឿង​សរុប​ជា​ង​ ៣៥១០០ នៃសំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ ត្រូវ​បាន​ដោះស្រាយ ក្នុងយុទ្ធនាការ​រយៈ​ពេល ២២២ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងយុត្តិធម៌៖ សំណុំ​រឿង​សរុប​ជា​ង​ ៣៥១០០ នៃសំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ ត្រូវ​បាន​ដោះស្រាយ ក្នុងយុទ្ធនាការ​រយៈ​ពេល ២២២ថ្ងៃ ក្រសួងយុត្តិធម៌៖ សំណុំ​រឿង​សរុប​ជា​ង​ ៣៥១០០ នៃសំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ ត្រូវ​បាន​ដោះស្រាយ ក្នុងយុទ្ធនាការ​រយៈ​ពេល ២២២ថ្ងៃ

    ភ្នំពេញ​៖ នាថ្ងៃទី​៣០​ ខែធ្នូ ឆ្នាំ​២០២០​​ គណៈ​កម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង​រាជធានី-ខេត្ត​ (គ.យ.ក.ស) បាន​បើក​កិច្ច​ប្រជុំ​ក្រោម​អធិបតីភាព ឯក​ឧត្ដម​ កើត​ រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​យុត្ថិធម៌ និង​ជាប្រធាន​ គ.យ.ក.ស ដោយ​មាន​ការ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង​យុត្តិធម៌ ប្រធាន​សាលា​ដំបូង​ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ និង​ប្រធាន​​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ពាក់ព័ន្ធមួយ​ចំនួន​ ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ និង​លទ្ធផល​រយៈ​ពេល​ ២២២ថ្ងៃ​ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង​រាជធានី-ខេត្ត​។

    យោងតាម​ការ​ប្រកាស​របស់​ក្រសួងយុត្ថិធម៌​បាន​ឲ្យដឹងថា​ ជាលទ្ធផលក្នុង​រយៈ​ពេល​ ២២២ថ្ងៃ​​ នៃ​ការអនុវត្ត​យុទ្ធនាការ​​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿង​ សាលា​ដំបូង​ និង​អយ្យការអម​សាលា​ដំបូង​រាជធានី​ខេត្ត​ទូទាំងប្រទេស​ បាន​ដោះ​ស្រាយ​សំណុំរឿង​​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​ទាំងដំណាក់​កាល​អយ្យការ​ ទាំង​ដំណាក់​កាល​ស៊ើប​សួរ និង​ទាំង​ដំណាក់​កាល​ជំនុំជម្រះ​ មាន​ចំនួន​សរុប​ជាង ៣៥១០០ សំណុំរឿង​ ​ស្មើនឹង​ ៨៩% នៃ​សំណុំរឿង​​ព្រហ្មទណ្ឌ​ដែល​កកស្ទះ ក្នុងនោះ សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ២០០ សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុង ដំណាក់កាលជំនុំជម្រះ។ បន្ថែម​ពីនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ដែលចូលថ្មី ចំនួនជាង ៣៦៥០០សំណុំរឿង ស្មើនឹង ៧៣%។

    ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស បានប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន១០ផងដែរ រួមមាន សាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្តរតនគិរី  ខេត្តមណ្ឌលគិរី  ខេត្តក្រចេះ  ខេត្តកំពង់ចាម  ខេត្តពោធិ៍សាត់  ខេត្តបាត់ដំបង  ខេត្តប៉ៃលិន  ខេត្តឧត្តរមានជ័យ  ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។

    គិតមកដល់បច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសរុប ចំនួន ១៥ ហើយក្នុងចំណោមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តចំនួន ២៤ បានប្រកាសបញ្ចប់ដោយ ជោគជ័យនៃការអនុវត្តយុទ្ធនាការនៅក្នុងស្ថាប័នរបស់ខ្លួន ដោយបានសម្រេចដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ បានយ៉ាងតិច ៩៥% និងសំណុំរឿងដែលចូលថ្មី យ៉ាងតិច ៧០%។

    តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នឹងត្រូវប្រើ រយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមគិតពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងគ្រោងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

    ផ្អែកលើលទ្ធផលដែលសម្រេចបានរយៈពេល ២២២ថ្ងៃនេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត មានក្ដីរំពឹងទុកយ៉ាងមុតមាំថា សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស នឹងអនុវត្ត យុទ្ធនាការសម្រេចបានលទ្ធផលជោគជ័យ ដោយធ្វើការដោះស្រាយសំណុំរឿងកកស្ទះទាំងអស់ ហើយឈានទៅដល់ការ ប្រកាសបិទបញ្ចប់នៃការអនុវត្តយុទ្ធនាការតាមផែនការដែលបានគ្រោងទុក៕

    ខាងក្រោមនេះ​ជារបាយការណ៍​លទ្ធផល​រយៈ​ពេល​ ២២២ថ្ងៃ​ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង​រាជធានី-ខេត្ត៖

     

    អត្ថបទទាក់ទង