កម្ពុជាដឹកអំណោយម៉ាស់ ជាង២លានម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ទៅប្រទេសនេប៉ាល់នៅព្រឹកនេះ
ភ្នំពេញ៖ អំណោយម៉ាស់ចំនួន ២លាន១សែន និងសម្ភារៈវេជ្ជសាស្ត្រ របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដឹកជញ្ជូនតាមយន្តហោះយកទៅជូនរដ្ឋាភិបាល និងប្រជាជននៃប្រទេសនេប៉ាល់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នេះ។
ក្នុងដំណើរនៃការនាំយកអំណោយសប្បុរសធម៌នេះ ដឹកនាំដោយឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។
អំណោយសប្បុរសធម៌ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសនេប៉ាល់នៅពេលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសនេប៉ាល់។ នេះគឺជាលើកទី៤ ហើយដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់អំណោយសប្បុរសធម៌ទៅដល់ប្រទេសមួយចំនួន កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ដែលលើកទី១ ប្រគល់ជូនប្រទេសឡាវ, លើកទី២ ប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា និងលើកទី៣ ប្រគល់ជូនប្រទេសទីម័រឡេស្ត។
អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕