សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ដែលជួយដឹកអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រទេសនេប៉ាល់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ លោកបណ្ឌិត លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានជួយដឹកអំណោយម៉ាស់ និងសម្ភារៈបរិក្ខាពេទ្យ របស់រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភ ជូនប្រទេសនេប៉ាល់។
ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ លោកបណ្ឌិត អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន ២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូន រដ្ឋាភិបាលនៃប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ។ សូមលោកបណ្ឌិតអគ្គនាយក និង សហការី បានជួបប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ពិធីប្រគល់ និងទទួលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រាយដេអេស ធ្រីបភើស៊ី រដ្ឋមន្ត្រីសុខាភិបាល និងប្រជាជន នៃប្រទេសនេប៉ាល់។
អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕