អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ខ្លាំងនៅក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី០៩ ដល់១៦ មករា ខាងមុខនេះ
ភ្នំពេញ៖ កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន្តកាន់តែខ្លាំង ដែលធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់កាន់តែខ្លាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី០៩ ដល់១៦ មករា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា បន្ទាប់ពីបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាន និងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសាន្តកាន់តែបង្កើនឥទ្ធិពលខ្លាំង។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ ២០២១ នេះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានស្ថានភាព ដូចខាងក្រោម៖
- នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពស់រាបភាគឦសាន្ត សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី១៤ អង្សា ទៅ ១៧អង្សា។ ពិសេស ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្ដាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្ដរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១២អង្សា ទៅ១៥អង្សា លាយឡំជាមួយខ្យល់ខ្លាំង។
- នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦អង្សា ទៅ១៩អង្សា។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥អង្សា ទៅ១៨អង្សា លាយឡំជាមួយខ្យល់មធ្យម។
- នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨ អង្សា ទៅ២១អង្សា។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
អត្ថបទទាក់ទង