គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ការពារខ្លួនឥឡូវនេះ កុំចាំស្អែក៖ ជាយុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញឆ្នាំសិក្សា២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១​ |
    ការពារខ្លួនឥឡូវនេះ កុំចាំស្អែក៖ ជាយុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញឆ្នាំសិក្សា២០២១ ការពារខ្លួនឥឡូវនេះ កុំចាំស្អែក៖ ជាយុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញឆ្នាំសិក្សា២០២១

    ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា ជាមួយការគាំទ្រពីយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញ នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។ ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមក្នុងសកលលោកនៅឡើយ យុទ្ធនាការថ្មីនេះមានសារៈសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានចេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ជាមួយនិងពាក្យស្លោក«ការពារខ្លួនឥឡូវនេះ កុំចាំស្អែក» ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុទ្ធនាការឆ្នាំសិក្សាថ្មីនៃ២០២០-២០២១ នឹងពង្រឹងការអនុវត្តឥរិយាបទការពារសុវត្ថិភាពជំងឺកូវីដ១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឲ្យសាលារៀនមានបរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារកម្ពុជាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។

    ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា «អាទិភាពរបស់យើងក្នុងអំឡុងពេលមានជម្ងឺឆ្លងរាតត្បាតជាសកលកូវីដ១៩ គឺការពារសុវត្ថិភាពរបស់កុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយ ដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឲ្យពួកគេនៅតែបន្តទទួលបានការអប់រំ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឲ្យនៅតិចបំផុតក្នុងប្រទេសកម្ពុជា បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នានេះ ធានាឲ្យមានការរៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញផងដែរ»។

    ជាមួយនឹងការបើកបវេសនកាលថ្មីនេះ ឯកឧត្តមរដ្ឋមន្រ្តីហង់ជួន ណារ៉ុន បានលើកឡើងទៀតថារាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ ជាមួយនឹងសារចង់ឲ្យពួកគេបានដឹងច្បាស់ពីរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីជម្ងឺដ៏កាចសហាវនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគេទាំងអស់ក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ពួកគេ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅក្នុងអំឡុងពេលយុទ្ធនាការនេះផងដែរ។

    តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា រួមទាំងដៃគូម្ចាស់ជំនួយផ្សេងៗទៀត បានលើកឡើងស្រដៀងគ្នាថា ជម្ងឺកូវិដ១៩បានកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនលើវិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រូសាររបស់ពួកគេ។ តែទោះជាយ៉ាងនេះក្តីលោកស្រី ឯកអគ្គរដ្ឋទូតបានអំពាវនាវដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ត្រូវអនុវត្តពិធីការពារខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់ៗគ្នានោះ។

    សូមបញ្ជាក់ថា ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការចំនួន ១២ចំណុច ដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអណាព្យបាលទាំងអស់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនូវជំងឺកូវិដ១៩នេះ ដោយសម្តេចបានបន្តក្រើនរំលឹកដល់ភាគីទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត ចំពោះវិធានការការពារនូវមេរោគកូវិដ១៩នេះ ដោយត្រូវធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ចផងដែរ៕

    អត្ថបទទាក់ទង