គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មន្ត្រី WWF ៖ កម្ពុជា​មាន​វត្តមាន​សត្វក្រពើ​ភ្នំ​ច្រើន​ជាង​គេ​លើ​ពិភព​លោក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១​ |
    មន្ត្រី WWF ៖ កម្ពុជា​មាន​វត្តមាន​សត្វក្រពើ​ភ្នំ​ច្រើន​ជាង​គេ​លើ​ពិភព​លោក​ មន្ត្រី WWF ៖ កម្ពុជា​មាន​វត្តមាន​សត្វក្រពើ​ភ្នំ​ច្រើន​ជាង​គេ​លើ​ពិភព​លោក​

    មណ្ឌលគិរី៖ មន្រ្តី នៃ​អង្គការ​មូល​និធិ​សាក​ល​សម្រាប់​ធម្មជាតិ​(WWF)​បាន​ថ្លែង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះកម្ពុ​ជា​នៅ​សេស​សល់​ក្រពើ​ភ្នំដែល​ជា​សត្វ​ដ៏​កម្រ​បំផុត​នៅ​លើ​ពិភព​លោក​ចំនួន​ប្រមាណ​២០០​-៣០០​ក្បាល ​ហើយ​ក្នុង​ចំណោម​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ទឹក​ដី​ខេត្ត​កោះកុង ​និង​មួយ​ចំនួន​ទៀត​ស្ថិត​នៅតា​ម​តំបន់​ទន្លេ​ស្រែ​ពក​ក្នុង​ទឹក​ដី​ខេត្ត​មណ្ឌលគិរី។

    នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន​នៅ​ដែល​ជម្រ​កសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធាន​ផ្នែកតាមដាន​ និង​អ្នកស្រាវជ្រាវ​ជីវ​ចម្រុះ​នៃ​អង្គការ​WWF​បាន​ឱ្យដឹង​ថា​នៅដង​ទន្លេស្រែពក​​និង​ភ្នំព្រេច​ខេត្តមណ្ឌលគិរី​គេ​បាន​ប្រទះ​ឃើញ​ដាន​វត្ត​មាន​សត្វ​ក្រពើ​ភ្នំ។​ កញ្ញា​បានបន្តឱ្យដឹងថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះ​គេ​កម្រ​ឃើញ​វា​ដោយ​ផ្ទាល់​ភ្នែក​ណាស់​។​ ដោយហេតុ​នេះ​ដើម្បី​ដឹង​ថា​វាពិត​ជា​មានវត្តមា​ន​នៅ​កម្ពុជា​នោះ​គេចាំបាច់​ត្រូវ​តាមដាន​ពីដាន​ជើង,​រូង​របស់​វា​រស់​នៅ​ឬ​ក៏លាមក​របស់​សត្វ​ប្រភេទនេះជាចាំបាច់​។​ យ៉ាងណាក្តី​សម្រាប់​ស្លាកស្នាម​ និង​អត្ត​សញ្ញាណ​ដែល​គេ​ដឹង​ថា​ សត្វ​ប្រភេទ​នេះ​ពិត​ជា​មាន​វត្តមាន​ពិត​ឬក៏អត់នោះ​មាន​ភាពងាយ​ស្រួលដោយ​សារ​ស្លាក​ស្នាម​របស់​វា​មាន​ភាព​ច្បាស់លាស់​ និង​ងាយ​ស្រួលចំណាំផង។

    កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​សត្វ​ក្រពើ​ភ្នំម្តង​មកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវ​ឱ្យ​បាន​ទូលំ​ទូលាយ​ជាង​ឆ្នាំកន្លង​មក​។​ ​ចំពោះ​ការ​សិក្សាស្រាវជ្រាវ​នេះ​ដែរ​គឺប្រយោជន៍​ ដើម្បី​អភិរក្សក៏​ដូចជា​ស្តារ​នូវ​ពូជសត្វ​ប្រភេទ​នេះ​ឱ្យកាន់​តែ​មាន​ច្រើន​នៅ​កម្ពុជា​។ ចំពោះ​ការ​សិក្សា​នា​ឆ្នាំ​២០២១​នេះ​ដែរ​ដើម្បី​ឱ្យ​បានដឹ​ង​ច្បាស់​លាស់​ថា​សត្វប្រ​ភេទ​នេះ​មាន​ប៉ុន្មាន​ក្បាល​ហើយ​វា​មាន​វត្តមាន​នៅ​ទីណា​ខ្លះ​នៅ​កម្ពុជា​។​

    ជាមួយគ្នាក្នុងឆ្នាំនេះ​ដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។

    ទាក់​ទិនក្នុងរឿងនេះកញ្ញា MILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពក​ក្នុងទឹក​ដី​ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ទីក​ន្លែង​ល្អ​នៃ​ជម្រក​របស់វាដោយ​សារ​មិនទាន់​មាន​មនុស្សចូល​ទៅរំខាន​វា​ដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យ​ដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមាន​ដូចជាការ​ប្រមាញ់​យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់ និង​ការ​រក​ពង​ក្រពើ​ភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែល​សត្វ​ក្រពើ​ប្រភេទ​នេះ​បង្កាត់​ពូជ​ជាមួយ​សត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។

    ជុំវិញ​បញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់​ថា​ បើសិន​ករណី​សត្វ​ប្រភេទ​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយប្រឈម​នឹង​ការ​គំរាម​កំហែង​ខ្លាំង​ និង​ពិសេស​ការឈាន​ដល់​បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើ​ភ្នំទាំង​នោះទៅ​ពន្លែង​​ក្នុង​តំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិន​ទៅ​នឹងការ​ស្តារ​ឡើង​វិញ​នៃ​សត្វ​ប្រភេទ​នេះដែ​រគេ​នឹង​ធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋាន​ក៏ដូចជា​មន្រ្តីពាក់ព័ន្ធ​ដើម្បី​រក​ភាព​ច្បាស់​លាស់មួយ។ សម្រាប់ នៅតំបន់ដងទន្លេស្រែពក​គឺ​ជាទីកន្លែងល្អមួយក្នុងការ​ស្តារសត្វ​ប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយ​ក៏ស្ថិត​នៅ​ឆ្ងាយ​ពី​សហគមន៍ដែលពលរដ្ឋរស់នៅ។

    ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបាន​ដឹកនាំក្រុម​អ្នកសារព័ត៌មាន​ចុះ​បំពេញ​ទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជា​ក៏ដូច​ជា​ក្រសួង​បរិស្ថាន​បាន​រួមសហការ​ជាមួយ​ដៃគូដោយមានវិធានការ​មួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការ នៃ​ការ​បង្កាត់​ពូជ ដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាព​នៃ​វត្ត​មាន​សត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។

    ឯកឧត្តម​រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើ​មានដូច​ជា​កន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម។ ឯកឧត្តមរដ្ឋេលេខាធិការ​បានបញ្ជាក់​បន្ថែម​ថា​ ក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួនដែលជិតផុតពូជ ឬក៏ជាការគំរាមកំហែងបំផុតនៅលើពិភពលោកក្នុងនេះដូចជាសត្វក្រពើភ្នំដែលសំបូរច្រើននៅក្នុងប្រទេសកម្ពុជា។​ ក្រៅពីនេះដូចជាសត្វទន្សោង រមាំង សត្វខ្សឹប នៅប្រទេសកម្ពុជា​ក៏មាន​ចំនួន​ច្រើន​ជាង​គេផងដែរ។​ ហេតុនេះដើម្បី​កិច្ចការពារ​សត្វ​ទាំង​នេះ​ឱ្យនៅគង់វង្សតទៅមុខទៀតនោះ​ក្រសួង​​ចាំបាច់​ត្រូវសហការជាមួយដៃគូរ អ្នកជំនាញ​ ដើម្បី​រៀបចំនូវវិធានការ​ផ្សេងៗក្នុង​ការ​រក្សានិរន្តភាព​នៃសត្វប្រភេទនេះឱ្យគង់វង្សនៅកម្ពុជា។

    លោក សេង ទៀក នាយកអង្គការWWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជ​សត្វក្រពើ​ភ្នំមានច្រើនកត្តាក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ដល់២០០៥ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពក​នេះ​ត្រូវ​បានគេដាក់​បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូលមកសកម្មភាពនេះបានលុបបំបាត់ទៅវិញ។ លោកថ្លែងដែរថាកាលពីមុនសត្វក្រពើភ្នំនេះមិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើប​តែ​ឆ្នាំ​២០១៩​ គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សា​ស្រាវជ្រាវ និងបានអភិរក្សសត្វប្រភេទកម្រនេះឡើង។ ជាមួយគ្នា​នេះលោក​ថ្លែង​អំណរ​គុណ​ដល់ដៃគូរ​ពាក់​ព័ន្ធ​ពិសេសក្រសួងបរិស្ថានដែលបានចូល​រួម​កិច្ចសហការ​ក្នុង​កិច្ចការពារ​អភិរក្សសត្វកម្រ​ៗ​នៅកម្ពុជា​ក៏ដូចជាពិភពលោក​ និង​ពិសេស​សត្វ​ក្រពើ​ភ្នំដែល​ជា​សត្វ​កម្រ​បំផុ​ត​ក្នុង​លោក​ឱ្យ​គង់​វង្ស​នៅ​កម្ពុជា​៕

     

    អត្ថបទទាក់ទង