លោកជំទាវ ឱ វណ្ណឌីន៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ចិនដំណាក់កាលដំបូង អាចនឹងមកដល់កម្ពុជានៅដើមខែកុម្ភៈនេះ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនគ្រោងផ្តល់មកឲ្យកម្ពុជានោះ អាចនឹងមកដល់នៅដើមខែកុម្ភៈខាងមុខនេះ។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់សាំងសម្រាប់ប្រឆាំងមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលចិនគ្រោងនឹងផ្តល់ជូនមកកម្ពុជាចំនួន១លានដូសនោះ នឹងមកដល់ប្រទេសកម្ពុជាយើងជាបន្តបន្ទាប់ ដែលដំបូងនេះនឹងបញ្ជូនមកដល់កម្ពុជាក្នុងខែកុម្ភៈខាងមុខនេះចំនួន ៣០ម៉ឺនដូស ។ លោកជំទាវបានបញ្ជាក់ទៀតថា ថ្នាំវ៉ាក់សាំង Sinopharmនេះគឺចាក់បានតែមនុស្សអាយុ១៦ឆ្នាំឡើងតែប៉ុណ្ណោះ។
សូមជំរាបជូនថា កាលពីថ្ងៃទី១៥មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សមភាគីចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដោយគិតថ្លៃ ចំនួន ១លានដូស ដល់កម្ពុជា។ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលចិនផ្តល់ជាជំនួយនេះ ឈ្មោះថា Sinopharm ដែលត្រូវបានប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំរដ្ឋាភិបាលឥណ្ឌូនេស៊ី ព្រមទាំងមនុស្សរាប់លាននាក់លើពិភពលោក បានប្រើប្រាស់រួចហើយ។
សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ទៀតថា នៅពេលដែលវ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់រដ្ឋាភិបាលចិន ត្រូវបានបញ្ចូនមកដល់កម្ពុជា សម្តេចនឹងចាក់វ៉ាក់សាំងនេះមុនគេបង្អស់ ហើយការសម្រេចចិត្តចាក់មុនគេនេះ គឺដើម្បីបង្កើតជំនឿទុកចិត្តលើប្រសិទ្ធភាពនៃវ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជា បើទោះបីជាវ៉ាក់សាំងរបស់ចិន នៅមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ក៏ដោយនោះ៕