គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បីពិនិត្យពិភាក្សា​លើ​អនុក្រឹត្យចំនួន​ ៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |
    សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បីពិនិត្យពិភាក្សា​លើ​អនុក្រឹត្យចំនួន​ ៣ សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បីពិនិត្យពិភាក្សា​លើ​អនុក្រឹត្យចំនួន​ ៣

    ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​មករា ​ឆ្នាំ​២០២១​ សម្ដេច​ក្រឡា​ហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​អន្ត​រ​ក្រសួង ដើម្បីពិនិត្យ​ភាក្សា​សេចក្ដី​ព្រាង​អនុក្រឹត្យ​ចំនួន​៣ ​នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ។​

    កិច្ច​ប្រជុំ​នេះមា​នការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ​ឯកឧត្តម ជា ចាន់តូ​ អគ្គ​ទេសាភិបាល​ធនាគារជាតិនៃ​កម្ពុជា​ ព្រម​ទាំង​ឯកឧត្តម​រដ្ឋ​លេខាធិការ អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​មហាផ្ទៃ ​ក្រសួង​យុត្តិធម៌ ក្រសួងការ​បរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម​អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គ​ភាព​ពាក់ព័ន្ធ​ និង​មន្ត្រីជាន់​ខ្ពស់​ ​ជា​សមាជិក​ក្រុម​ការងារ​អន្តរ​ក្រសួង​ជា​ច្រើន​ទៀត​។

    ​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ ​សម្ដេច​ក្រឡា​ហោម ​ស ​ខេង ​បាន​សម្ដែង​ការ​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណដល់​ក្រុម​ការងារ​អន្តរ​ក្រសួង​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​កសាង​ និង​បង្កើត​បាន​នូវ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ពាក់ព័ន្ធ​ទាំង​៣​នា​ពេល​នេះ ​ខណៈ​ច្បាប់នេះនឹង​ធ្វើ​ឲ្យ​ការគ្រប់គ្រង់ ​និង​សម្អាត​សាច់ប្រាក់​ខ្មៅនៅ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀតនោះ​។

    សម្តេច​បានស​ង្កត់ធ្ង​ន់​ថា«​យើងត្រូវ​រួម​គ្នា​ធ្វើ​ឲ្យ​បាន​ កុំទន់ជ្រា​យ​ចំពោះករណី​នេះ ហើ​យពេលដែល​ធ្វើការ​បាន​យើង​ត្រូវ​ប្រមូល​ថវិកា​ទាំង​នោះ​ចូល​រដ្ឋ​ ឬ​ធ្វើ​អ្វីមួយ​ជាសមិទ្ធផល​របស់​រដ្ឋ ដោយ​មិន​អាចយក​ទៅ​ចែកគ្នានៅ​ស្ថាប័ន​នីមួយៗ​នោះ​ឡើយ​»។

    សូមបញ្ជាក់ថាសេចក្ដីព្រាងអនុក្រឹត្យទាំង៣​ដែល​ប្រជុំ​ពិនិត្យ​ពិភាក្សា​នា​ថ្ងៃនេះ រួមមាន សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេវរកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហាប្រល័យ​,សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​បែប​បទ​​និងនី​តិ​វិធី​នៃ​ការ​អនុវត្តច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហាប្រល័យ,និងអនុក្រឹត្យ​ស្ដីពី​ការ​ប្រើប្រាស់​ និង​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​បង្កក​នៃ​ហិរញ្ញប្បទាន​ដល់ការ​រីក​សាយ​ភាយអាវុធ​មហាប្រល័យ​៕

    អត្ថបទទាក់ទង