ព្រឹត្តិការណ៍ នៃពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦
អាមេរិក៖ លោក Joe Biden បានក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី២០ មករាម៉ោងនៅក្នុងសហរដ្ឋអាមេរិក។ លោកបានស្បថចូលកាន់តំណែង ដើម្បីផ្សះផ្សារការបែក បាក់គ្នាយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេស ហើយទទួលយកមរតកនៃវិបត្តិ ដែលមានវិសាលភាពធំជាងអ្វីដែលបានកើតឡើង នៅក្នុងអាណត្តិប្រធានាធិបតីកាន់តំណែងមុនរបស់លោក។
ទិដ្ឋភាពនៅពេលព្រឹកព្រលឹមក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថាមានព្រិលធ្លាក់ ប៉ុន្តែក៏មានព្រះអាទិត្យរះបណ្ដើរៗមុនពេល លោក Biden ស្បថចូលកាន់តំណែង។ ទាហានស្ថិតក្នុងប្រដាប់ការពារកុបកម្ម បានតម្រង់ជួរតាមចិញ្ចើមផ្លូវ ប៉ុន្តែមិនមានមនុស្សច្រើនទេ។ រថពាសដែក និងរបាំងបេតុងបានបិទផ្លូវដ៏ស្ងាត់ជ្រងំ។ របងចម្ងាយរាប់សិបម៉ាយល៍ត្រូវបានហ៊ុមព័ទ្ធ ចេញពីទីតាំងដ៏សំខាន់បំផុតរបស់ប្រទេសនេះ។ រយៈពេល ៤ ម៉ោងមុនពិធីស្បថចូលកាន់តំណែង លោក Donald Trump និងស្រី្តទី១ Melania បានចាកចេញពីសេតវិមាន ដែលជាការមិនអុវត្តន៍តាមទំនៀមទម្លាប់យៈពេល ១៥២ឆ្នាំដើម្បីក្លាយជាប្រធានាធិបតីដំបូងគេ ដែលមិនជួបអ្នកកាន់តំណែងបន្ទាប់ពីលោក។ លោក Trump រួមជាមួយភរិយារបស់លោកគឺលោកស្រី្តទី១ Melania បានចាកចេញពីគេហដ្ឋានដែលពួកគេបានស្គាល់អស់រយៈពេល ៤ឆ្នាំមកហើយ ដើម្បីឡើងឧទ្ធម្ភាគចក្រ Marine One និងឆ្ពោះទៅកាន់អាកាសយានដ្ឋាន។
លោក Donald Trump បានថ្លែងសុន្ទរកថាចុងក្រោយរបស់លោក ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews កាលពីថ្ងៃពុធ ដោយបន្សល់ទុកនូវកេរដំណែលនៃភាពវឹកវរ និងច្របូកច្របល់ និងប្រទេសមួយដែលពោពេញដោយការបែកបាក់គ្នាយ៉ាងស៊ីជម្រៅ។ ប្រធានាធិបតី Donald Trump បានថ្លែងសុន្ទរកថាលាចុងក្រោយរបស់លោក ក្នុងនាមជាប្រធានាធិបតីទី៤៥ របស់ប្រទេសនេះកាលពីព្រឹកថ្ងៃពុធពីមូលដ្ឋាន Joint Base Andrews នៅរដ្ឋ Maryland មុនពេលដែលលោកបានឡើងឧទ្ធម្ភាគច្រកAir Force One សម្រាប់ការហោះហើរទៅកាន់គេហដ្ឋានរបស់លោកនៅរដ្ឋ Florida។ លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden និងលោកស្រីអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris បានទៅដល់សម្រាប់ពិធីស្បថចូលកាន់តំណែងប្រធានាធិបតី។
ពោពេញដោយសំឡេងកងរំពង តារាចម្រៀងដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកគឺ Lady Gaga បានច្រៀងចម្រៀងជាតិនៅឯពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden។ លោកស្រី Kamala Harris បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដែលបានក្លាយជាស្ត្រីទី១ ក្នុងការកាន់តំណែងនេះ។ នៅម៉ោង 1:50ព្រឹកម៉ោងនៅសហរដ្ឋអាមេរិក លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។ លោក Joe Biden បានក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធដោយប្រកាសថា “លទ្ធិប្រជាធិបតេយ្យបានយកឈ្នះ” ។ លោកបានស្បថចូលកាន់តំណែង ដើម្បីជួយផ្សះផ្សារការបែកបាក់ជាតិដ៏ធ្ងន់ធ្ងរ និងទទួលយកមរតកនៃវិបត្តិ ដែលមានវិសាលភាពធំជាងអ្វីដែលបានកើតឡើង នៅក្នុងអាណត្តិប្រធានាធិបតីកាន់តំណែងមុនរបស់លោក។
ប្រធានាធិបតី ស្រី្តទី១ Jill Biden និងអនុប្រធានាធិបតីទើបស្បថចូលកាន់តំណែង Kamala Harris និងស្វាមី លោក Doug Emhoff បានធ្វើជាអធិបតេយ្យក្នុងពិធីដាក់កម្រងផ្កា នៅឯផ្នូរទាហានដែលមិនស្គាល់ឈ្មោះ កាលពីថ្ងៃពុធ។ យ៉ាងហោចណាស់ក្រឹត្យចំនួន១៥ នឹងត្រូវលុបចោលដោយលោក Biden នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក រួមទាំងការវិលចូលជាសមាជិកអង្គការសុខភាពពិភពលោក ដែលលោក Trump បានដកចេញកាលពីឆ្នាំ២០២០ ព្រមទាំងការវិលត្រឡប់ចូលក្នុងកិច្ចព្រមព្រៀង បម្រែបម្រួលអាកាសធាតុជាដើម។ ខណៈដែលប្រឈមនឹងបញ្ហាធំៗជាច្រើននៅពេលខាងមុខ តើលោក Biden នឹងអាចធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀតបានដែរ ឬទេ? ប្រភព៖ BTV