សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវក្រោមដី ២ខ្សែទៀត នៅចោមចៅ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីចំនួន ២ខ្សែបន្ថែម នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសយ៉ាងដូច្នេះនៅក្នុងពេលដែលសម្ដេចអញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
ផ្លូវទាំង ២ខ្សែដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យដំណើរការ នៅថ្ងៃនេះ រួមមាន៖
១. ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថីចោមចៅ
២. ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ៣។
សូមជម្រាបថា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាយពេលសាងសង់ ៣០ខែ៕