គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១​ |
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់

    កំពង់ស្ពឺ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តន៍ផែនការកែទម្រង់របស់ខ្លួន ក្នុងន័យនេះការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

    ឯកឧត្តមបានថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្ដម​ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ។

    ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឱ្យការហ្វឹកហ្វឺនទាំងអស់ ត្រូវផ្តោតលើគុណភាពនៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាពក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។

    ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរ ចំពោះមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងដោះស្រាយច្នៃប្រឌិតជម្នះការលំបាកក្នុងការកសាង និងអភិវឌ្ឍ ប្រែមុខមាត់មជ្ឈមណ្ឌលបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ពីទីតាំងមួយដែលសំបូរទៅដោយកាកសំណល់ជាតិផ្ទុះបន្សល់ទុកដោយសារសង្គ្រាមឱ្យក្លាយទៅជាមូលដ្ឋានហ្វឹកហ្វឺនមួយដ៏សំខាន់ ដោយមានសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើនដូចសព្វថ្ងៃនេះ សម្រាប់បំរើឱ្យការកសាងធនធានមនុស្សក្នុងកិច្ចការពារជាតិ។

    ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលអគារគិលានដ្ឋាន ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់គិតគូររបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស ចំពោះសុខទុក្ខ និងសុខមាលភាពរបស់យោធិន, គ្រួសារយោធិន និងសិក្ខាកាម ដែលរស់នៅបំពេញការងារ និងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ ជាការបង្កលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ច និងការហ្វឹកហ្វឺនរបស់យោធិនយើងក្នុងគ្រប់កាលៈទេសៈ៕

     

    អត្ថបទទាក់ទង