ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០២នាក់ ខណៈអ្នកជំងឺ ០៣នាក់បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ០២នាក់ ក្នុងនោះមានម្នាក់ជាពលករខ្មែរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ។
ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់នោះរួមមាន៖
- ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៤ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ ជាអ្នកដំណើរមកពីឥណ្ឌូនេស៊ី បន្តជើងហោះហើយនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
- ជាស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ករណីជាសះស្បើយចំនួន ០៣នាក់ ក្នុងនោះ ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង០១នាក់ទៀតជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។ អ្នកទាំងបីរត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។
គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន ៤៦០នាក់ នៅក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤១២ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨នាក់ និងមិនមានអ្នកស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង