ឥណ្ឌាចង់ឲ្យមានជើងហោះហើរដោយផ្ទាល់ជាមួយប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) បានលើកឡើងថា ប្រទេសឥណ្ឌាចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសខ្លួនមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកការព្យាលបាលជំងឺនៅសាធារណរដ្ឋឥណ្ឌា និងជាឱកាសឱ្យប្រជាជនឥណ្ឌាបានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្តកាន់តែច្រើនបន្ថែមទៀតនោះ។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាមានប្រសាសន៍បែបនេះក្នុងជំនួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅវិមានព្រឹទ្ធសភា។
លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាគឺជាដៃគូដ៏សំខាន់របស់សាធារណរដ្ឋឥណ្ឌា ជាមិត្តភ័ក្រ្ត និងដៃគូដ៏ល្អរឹងមាំក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសស្របតាមគោលនយោបាយទិសបូព៌របស់សាធារណរដ្ឋឥណ្ឌា ហើយលោកស្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងជ្រាលជ្រៅរបស់ប្រទេសកម្ពុជា ដោយគ្មានលក្ខខណ្ឌចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរនូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ក៏ដូចជាក្របខ័ណ្ឌពហុភាគីផងដែរ។
លោកស្រី បានស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ចំពោះបេសកកម្មការទូតរបស់លោកស្រី ដើម្បីឱ្យសម្រេចបាននូវគោលដៅ និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃរវាងប្រជាជន ខាងសេដ្ឋកិច្ច និងការផ្សាភ្ជាប់ក្នុងវិស័យឌីជីថលនៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។ ព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងបុព្វហេតុឯករាជ្យជាតិនៅឆ្នាំ១៩៥៣ ហើយចាប់ពីឆ្នាំ១៩៩៨១មក ប្រទេសកម្ពុជាតែងតែបានទទួលនូវជំនួយឥតសំណង ជំនួយកម្ចីសម្បទាន វប្បធម៌ អរិយធម៌ សាសនា បចេ្ចកទេស ការអភិវឌ្ឍធនធានមនុស្ស និងជំនួយខាងសង្គមជាច្រើនទៀត។ ព្រមជាមួយនេះ ប្រទេសទាំងពីរក៏បានជំរុញនូវការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមក ដែលបានរួមវិភាគទានយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានមុខមាត់ថ្មីដូចពេលបច្ចុប្បន្ននេះ។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលឥណ្ឌាដែលតែងតែបានជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់ប្រទេសកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត សម្តេចសង្ឃឹមថាលោកជំទាវនឹងបន្តជួយជំរុញនូវការវិនិយោគទុននានា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងចលនាប្រជាជនឥណ្ឌាឱ្យមកទស្សនានៅប្រទេសកម្ពុជាបានច្រើនថែមទៀតបន្ទាប់ពីបញ្ចប់វិបត្តិកូវីដ១៩៕