ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិត្រៀមលក្ខណៈទទួលការចាក់ថ្នាំបង្ការកូវីដ១៩
ភ្នំពេញ៖ បន្ទាប់ធ្វើការចាក់ម្ជុលដំបូង នៃវ៉ាក់សាំងបង្ការកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាលទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ។
ថ្លែងតាមរយៈហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា« ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ...សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។
ជំរាបជូនដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចាក់នូវវ៉ាក់សាំងនៃដូសដំបូង និងម្ជុលដំបូងគេបង្អស់ ហើយបន្ទាប់មកមានបុត្រប្រុសបង្កើតរបស់សម្តេច និងកូនប្រសារប្រុសសម្តេច រួមទាំងឥស្សរជនខ្មែរជាច្រើនទៀត បានទទួលការចាក់វ៉ាក់សាំងបង្ការកូវិដ១៩ ជាបន្តបន្ទាប់នៅកន្លែងដាច់ដោយឡែកពីគ្នា៕