រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់សាឡាងឆ្លងបណ្ដោះអាសន្នពីកោះនរាទៅកោះពេជ្រ ដើម្បីរំដោះចរាចរណ៍ផ្លូវជាតិលេខ១
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ ព្រមទាំងតំណាងក្រុមហ៊ុន OCIC ចុះពិនិត្យស្ថានភាពជាក់ស្ដែងជុំវិញការអភវិឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះនរា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំដាក់ឲ្យមានសាឡាងឆ្លងយានយន្តបណ្ដោះអាសន្នពីកោះនរា ទៅតំបន់កោះពេជ្រ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរាបាននឹងកំពុងសាងសង់យ៉ាងមមាញឹក។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ លោកបានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីដីកោះនរា ដាក់សាឡាង ឆ្លងទៅកោះពេជ្រ បន្ថែមលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូង ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ផង និងផ្លូវជាតិលេខ២ផង។
ជាមួយគម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រានេះដែរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ហើយស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ និងសម្រួលដល់ការឆ្លងកាត់នៅតំបន់ច្បារអំពៅ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាបានច្រើន៕