រដ្ឋមន្ត្រីការបរទសទីម័រខាង កើតកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានជោគជ័យ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកជំទាវ អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ទោះបីជាពេលនេះ កម្ពុជាកំពុងប្រឈមនឹង «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍» ឬហៅថា «ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ» ក៏ដោយ។
លោកជំទាវ អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានលើកឡើងយ៉ាងដូច្នេះ ក្នុងជំនួបជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ក្នុងជំនួប ឯកឧត្ដម ប្រាក់ សុខុន អបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវ អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត។ ឯកឧត្ដមក៏បានអបអរសាទរផងដែរដល់ទីម័រខាងកើតដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩ នៅក្នុងប្រទេស។
លោកជំទាវ អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ម៉ាស់ចំនួន ១លាន និងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ជូនដល់រដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឲ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរដែលមានស្រាប់។ ឯកឧត្ដម ប្រាក់ សុខន បានជម្រាបជូនសមភាគីថា កម្ពុជានៅតែបើចំហរសម្រាប់ការពិភាក្សាលើការនាំចេញអង្ករទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថាអង្ករកម្ពុជាត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាអង្ករមានគុណភាពខ្ពស់៕