ក្រសួងមហាផ្ទៃស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ដល់ក្រុមយុវជន២ក្រុម ដែលកំពុងបង្កចលាចលវឹកវរក្នុងសង្គម
នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃបានចេញនូវសេចក្ដីប្រកាសមួយដោយបានស្នើឲ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការផ្លូវច្បាប់ ដល់ក្រុមបង្កភាពអាណាធិបតេយ្យ និងចលាចលវឹកវរនៅក្នុងសង្គម ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រុមយុវជន២ក្រុម រួមមាន ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ក្រសួងមហាផ្ទៃបន្តថា ក្រុមទាំងនេះបានកំពុងងធ្វើសកម្មភាព ញុះញង់ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព សន្និសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងបណ្ដាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា និងខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។
ក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ សូមកុំចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងនេះ។