រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកា និងអង្ករដល់ពលរដ្ឋធ្វើចត្តាឡីស័កនៅភ្នំពេញក្នុងលក្ខណៈសម្បត្តិ ៤យ៉ាង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់ថវិកាឧបត្ថម្ភ និងអង្ករ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ និងមានលក្ខណៈសម្បត្តិទាំង៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារទទួលបានថវិកាចំនួន ២ម៉ឺនរៀលក្នុង១ថ្ងៃ រយៈពេល១៥ថ្ងៃ (សរុប ៣០ម៉ឺនរៀល) និងអង្ករ ២០គីឡូក្រាម។
រដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិទាំង ៤ដូចខាងក្រោម៖
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ
២- អ្នកដែលបានទទួលការធ្វើតេស្តហើយលទ្ធផលអវិជ្ជមាន
៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ
៤- អ្នកដែលមានជីវភាពខ្វះខាត។