តំណាងកម្ពុជាប្រចាំUN សម្ដែងការខកចិត្តចំពោះរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ប្រចាំនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UN ដែលនិយាយកាន់ជើងតែម្ខាងទាក់ទងនិងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ខណៈកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់អង្គភាព និងអ្នកលេងបណ្តាញសង្គមហ្វេសបុកជិត១២លាននាក់ ដោយមានទាំងអ្នករិះគន់រាជរដ្ឋាភិបាលស្អេកស្កះផងដែរនោះ។
យោងតាមបទអន្តរាគមន៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា សេរីភាពសារព័ត៌មានដ៏រស់រវើកបន្តរីកដុះដាលតាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ជិតពីរពាន់អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល ដែលកំពុងដំណើរការ ដោយគ្មានការត្រួតពិនិត្យទុកជាមុន ហើយអ្នកលេងហ្វេសបុកចំនួនជិត១២លាននាក់ បានបន្តបញ្ចេញទស្សនៈទិះទៀន ដោយសេរី និងដោយផ្ទាល់ចំពោះកិច្ចការ និងសេវាសាធារណៈរបស់រាជរដ្ឋាភិបាលផងដែរ ខណៈការលើកឡើងរបស់ឧត្តមស្នងការសិទ្ធមនុស្សមកលើកម្ពុជាថាមានការរិតត្បិតសេរីភាព នៃសារព័ត៌មាននោះគឺគ្មានការពិតនោះឡើយ ដោយការលើកឡើងនេះគឺមាននិន្នាការតែមួយជ្រុងតែប៉ុណ្ណោះ។
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា«គណៈប្រតិភូយើងខ្ញុំកត់សម្គាល់ដោយក្តីខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោកជំទាវឧត្តមស្នងការ ដែលពុំបានដាក់បញ្ចូលនូវការសម្រេចរបស់រដ្ឋាភិបាល កាលពីខែធ្នូកន្លងទៅ ឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាបន្តអាណត្តិប្រតិបត្តិការតទៀត ប៉ុន្តែបែជាដាក់បញ្ចូលតែការចោទប្រកាន់ ដែលផ្អែកលើរបាយការណ៍តែម្ខាងទៅវិញ។ ក្នុងន័យនេះដូចគណៈប្រតិភូដទៃជាច្រើនទៀត កម្ពុជាសូមស្នើយ៉ាងទទួចឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពឲ្យបាននូវគោលការណ៍មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្មដូចដែល ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អាំន់តូនីញ៉ូ ហ្គូតែរ៉េស ធ្លាប់បានអំពាវនាវយ៉ាងដូច្នេះដែរ»។
ជាមួយគ្នានោះតំណាងអចិន្រៃ្តយ៍កម្ពុជាក៏បានប្រាប់ដល់ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទៀតថា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់អង្គភាព អ្នកលេងហ្វេសបុករាប់លាននាក់ ប្រទេសកម្ពុជាក៏មានវត្តមានអង្គការសង្គមស៊ីវិលដែលបានចុះបញ្ចីជិតប្រាំមួយពាន់ កំពុងប្រតិបត្តិការប្រកបដោយថាមវ័ន្ត និងគ្មានការបង្អាក់រំខាន ហើយបាននិងកំពុងបោះពុម្ភផ្សាយរបាយការណ៍ និងបច្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្តផងដែរ។ ជាងនេះទៅទៀត ភាពជាដៃគូកាន់តែជិតស្និទរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលក៏ត្រូវបានលើកតម្កើងតាមរយៈយន្តការពិគ្រោះយោបលជាទៀតទាត់ផងដែរ។
យ៉ាងណាក៏ដោយការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ រាល់វិធានការផ្លូវច្បាប់ និងរដ្ឋបាលទាំងអស់របស់កម្ពុជា សុទ្ធសឹងតែត្រូវបានអនុវត្តនៅក្នុងព្រំដែននៃច្បាប់ទាំងអស់ ហើយការចោទប្រកាន់ផ្សេងៗដែលត្រូវបានបញ្ចូនទៅកាន់តុលាការ គឺពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរំលោភរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។ ប៉ុន្តែចុងចោទទាំងនោះមានឱកាសពេញលេញចូលរួមសវនការ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវការជំនុំជម្រះស្របតាមច្បាប់ផងងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាធានានូវការអនុវត្តរាឆល់សិទ្ធិនិងសេរីភាពមូលដ្ឋាននៅក្នុងក្របខ័ណ្ឌ នៃនីតិរដ្ឋផងដែរ៕