ឯកឧត្ដម ជិន ម៉ាលីន៖ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។
តាមរយៈហ្វេសប៊ុក ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។ ចំណែកឯការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌និងមានស្តង់ដាពីរ។
ឯកឧត្ដម ជិន ម៉ាលីន បានពន្យល់ ៣ចំណុច ជាចំណេះដឹងផ្នែកច្បាប់ អំពីព្រឹត្តិការណ៍៩វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់៖
១. ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាពិសេសដើម្បីទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ចេញពីដំណែង តាមរយៈយុទ្ធនាការញុះញង់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យបះបោរតាមរូបភាពបដិវត្តហឹង្សា និងការបង្កើតមូលនិធិដើម្បីធ្វើសកម្មភាពរដ្ឋប្រហារនេះ។ សកម្មភាពទាំងនេះ គឺជាអំពើវិទ្ធង្សនា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ
២. ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។ អំពើវិទ្ធង្សនាដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិបែបនេះ តែងតែមានការចូលរួមនិងពាក់ព័ន្ធជាមួយមនុស្សជាច្រើន ហើយដែលកម្ពុជាមិនមែនជាករណីដោយឡែកនោះទេ ដូចជាករណីរដ្ឋប្រហារមិនបានសម្រេចនៅតួគីជាដើមដែលមានមនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន និងសូម្បីតែករណីហឹង្សានៅវិមានរដ្ឋសភាកាពីតូលរបស់អាមេរិកនាពេលថ្មីៗនេះ ក៏មានអ្នកដែលត្រូវឃុំខ្លួនជាង១០០នាក់ដែរ និងកំពុងតែស្វែងរកអ្នកពាក់ព័ន្ធដ៏ទៃទៀត។
៣. ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធនិងរងការចោទប្រកាន់ក្នុងព្រឹត្តិការ ៩ វុច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុកនិងតតាំងជាមួយបទចោទ។ នេះជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួនរួចពីបទចោទ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ មិនមែនត្រូវធ្វើការទាមទារដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យឱ្យដោះលែងឬទម្លាក់ចោលបទចោទនោះទេ។