គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ |
    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា​ ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បី​ដាក់ទោសទៅលើ​អ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ

    ភ្នំពេញ​៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺដាក់ទោសតែទៅលើអ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។

    ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា​ ការបង្កើតច្បាប់នេះឡើង មិនមែន​ដើម្បីដាក់ទោសទណ្ឌដល់ប្រជាពលរដ្ឋនោះទេ ពោលគឺធ្វើឡើងដើម្បីឲ្យពលរដ្ឋចូលរួមសហការហើយប្រសិនបើពលរដ្ឋចូលរួមនោះ ច្បាប់ក៏នឹងមិនត្រូវអនុវត្តន៍ដែរ។ ការបង្កើតច្បាប់នេះឡើង ប្រយោជន៍សំខាន់បំផុត គឺដើម្បីការពារជីវិតប្រជាជន និងសុខភាពសាធារណៈ។

    សូមបញ្ជាក់ជូនថា ច្បាប់ស្តីពីកូវីដ១៩នេះ គឺមាន៦ជំពូក និង១៨មាត្រា ហើយក្នុងត្រង មាត្រា៧ បានចែងថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន)រៀល ទៅ ១០,០០០,០០០ (ដប់លាន)រៀលកាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ មាត្រា៨ចែងថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំកាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ និងមាត្រា៩ ចែងថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង៕