សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់អនុវត្តវិធានការពារសុខភាព បង្ការការឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ទាំងអស់គ្នា។
សម្ដេចតេជោបានថ្លែអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩0 ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។
សារទាំងស្រុងរបស់សម្ដេចតេជោ៖
ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕