គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស

    ភ្នំពេញ​៖ តាមរយៈសំឡេងនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្គាប់ការឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​​ដឹកនាំ​ការងារ​​ចាក់​វ៉ាក់​សាំង​ទូទាំងប្រទេស។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសារសំឡេងនោះថា ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង ​និងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាននេះ ដើម្បី​ដឹកនាំ​ការងារ​ចាក់​វ៉ាក់​សាំង​ឱ្យ​បាន​លឿន។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ«ដើម្បីឱ្យការងារនេះ (ការងារចាក់វ៉ាក់សាំង) ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បី​ទទួល​បន្ទុក​រាប់​រងក្នុងការចាក់វ៉ាក់សាំងទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ហើយ​ខ្ញុំ​សូម​ចង្អុលការ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​បន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀប​​ចំ​ផែន​ការ​មេបន្ត​ពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។

    សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏​ដូច​ជា​សមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។ បន្ថែម​ពី​លើ​នោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោ បាន​ណែនាំ​ឱ្យ​លោក​ជំទាវ ឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងពេលខាងមុខកម្ពុជា អាច​មាន​លទ្ធភាព​ទទួល​​បា​ន​វ៉ាក់សាំងប្រមាណ ១.៥​លាន​ដូស​ទៀត។ ដូច្នេះសម្តេចតេជោ បាន​ណែនាំ​ឱ្យ​កំណត់​មុខ​​សញ្ញា​ត្រូវចាក់វ៉ាក់សាំង មានដូចជាគ្រូបង្រៀន ដែលត្រូវចាក់ដំបូងសម្រាប់គ្រូនៅភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និងព្រៃវែង។

    សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ​ឱ្យ​គិត​គូរ​រៀប​ចំ​ផែន​ការ​ចាក់​សម្រាប់​អ្នក​លក់​ដូរ​នៅតា​ម​ផ្សារ​ ក៏ដូចជាមុខសញ្ញាសំខាន់ៗដទៃទៀត។ ជាពិសេសក្នុងក្របខណ្ឌក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ រួមមានកម្មករ-កម្មការិនីផងដែរ។

    សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសង្ឃឹមថា ឯកឧត្ដម ម៉ម ប៊ុនហេង និងលោកជំទាវ ឱ វណ្ណឌីន ធ្វើការងារចាក់វ៉ាក់សាំងនេះបានល្អ និងមានប្រសិទ្ធភាពខ្ពស់៕

     

    អត្ថបទទាក់ទង