គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងបរិស្ថាន៖ កម្ពុជា ​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្ដាប្រទេសនៅអាស៊ី និង​ទទួលការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |
    ក្រសួងបរិស្ថាន៖ កម្ពុជា ​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្ដាប្រទេសនៅអាស៊ី និង​ទទួលការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក ក្រសួងបរិស្ថាន៖ កម្ពុជា ​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្ដាប្រទេសនៅអាស៊ី និង​ទទួលការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក

    ភ្នំពេញ​៖ ក្នុងឱកាសនៃការអបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ក្រោម​​ប្រធាន​បទ​«ស្តារ​ព្រៃឈើ​ឡើងវិញ» ក្រសួងបរិស្ថានបានបង្ហាញថា​ កម្ពុជា​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំ ក្នុង​បណ្ដាប្រទេសនៅអាស៊ី និង​ទទួលបាន​ការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក​។

    យោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឲ្យដឹងថា កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣​លាន​ហិកតា ស្មើនឹង ៤១%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូលដែលទំហំនេះបាន ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មានផ្ទៃដីអភិរក្សធំក្នុង បណ្តាប្រទេសនៅអាស៊ី និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​ស្ថាប័ន​នានា​លើពិភពលោក។ ផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់​ថា​ប្រទេស​នីមួយ​ៗ​ត្រូវ​រក្សា​ដី​អភិរក្ស​ ១៧ភាគរយ នៃផ្ទៃដីប្រទេស។

    អាស្រ័យដោយ​សារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារ​ធម្មជាតិ​បាន​ល្អ​ប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ ទោះ​បី​ជាមាន​ការប្រឈមខ្លះ និងបទល្មើសទ្រុងទ្រាយតូចៗនៅបន្តកើតមានក្តី។ បន្ថែមលើនេះ​ សត្វ​ព្រៃ​ត្រូវ​បាន​មើលឃើញថាចាប់ផ្តើមមានវត្តមានកើនឡើង ចំពោះប្រភេទ​សត្វ​កម្រ​ខ្លះ​ និង​សត្វមួយ​ចំនួន​ទៀត​មានចំនួនថេរ។ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងកាន់តែខ្លាំង អំពីសារៈប្រយោជន៍​ក្នុង​ការ​ការពារ​ប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ សត្វព្រៃ។ ពលរដ្ឋដែល​រស់​នៅ​ក្នុង​តំបន់​សហគមន៍​ការពារ​ធម្មជាតិបានទទួលចំណូលបន្ថែមពីការដកហូតអនុផលព្រៃឈើ និង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ថែ​រក្សាព្រៃឈើ។

    រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូន​ស្ម័គ្រ​ចិត្តហើយ​ថវិកា​ដែលបាន​មក​ពី​ការ​លក់​ឥណទាន​កាបូន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​គាំពារ​លើការងារ​អភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។ កម្ពុជាមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាចំនួន ១១,៦លានដុល្លារអាមេរិក។ ថវិកានេះប្រើប្រាស់ដើម្បីការពារនិងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។

    រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

    កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង។

    ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចលនាការដាំដើមឈើស្តារគម្របព្រៃឈើនៅតំបន់រិចរិលផងដែរ។ ក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើមត្រូវបានដាំនៅតាមតំបន់នានា។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់លើការបង្កើតចម្ការឈើដាំដើម្បីប្រើប្រាស់ក្នុងវិស័យសំណង់ កាត់បន្ថយលើសម្ពាធមកលើឈើធម្មជាតិ។ ការសន្សំសំចៃការប្រើប្រាស់អុសដុត និងធ្យូងក៏ជាផ្នែកមួយនៃការកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ឡដុតធ្យូង ក៏ជាប្រភពមួយដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើ ធម្មជាតិ។

    ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងទៀត ដូច្នេះយើងត្រូវរួមគ្នាដោយឈរលើមូលដ្ឋានច្បាប់ ការទទួលខុសត្រូវនិងស្មោះត្រង់ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!

    ប្រភព៖ ក្រសួងបរិស្ថាន

    អត្ថបទទាក់ទង