គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ឱ្យកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១​ |
    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ឱ្យកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ឱ្យកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា

    ភ្នំពេញ៖ ក្នុងជំនួប​ពិភាក្សារវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង​មេបញ្ជាការកងទ័ពជើងគោក​​សាធារណរដ្ឋ​កូរ៉េ បាន​ឯកភាពបន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​របស់កងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ ឲ្យកាន់តែរីកចម្រើន​ប្រកប​ដោយ​ផ្លែផ្កាដោយនឹងខិតខំជំរុញល្បឿន នៃ​ការ​អនុវត្ត​កិច្ច​ការ​ទាំង​អស់​ឱ្យ​មានសន្ទុះឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន។

    ជំនួបពិភាក្សានេះបាន​ធ្វើឡើងតបតាមសំណើររបស់សមភាគី នៃសាធារណរដ្ឋកូរ៉េ ​នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១ តាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ដោយខាងកម្ពុជាដឹកនាំដោយ​ ​ឯក​ឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯខាងភាគីកូរ៉េដឹកនាំដោយ​នាយឧត្តមសេនីយ៍ Nam Yeongshin មេបញ្ជាការ​កង​ទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េថ្មី ដែលទើបឡើងកាន់តំណែង។

    ជំនួបពិភាក្សានេះ​ធ្វើឡើង​​ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ជាពិសេសក្នុងស្ថានភាពលំបាក ដែលជំងឺកូវីដ-១៩ នៅ​កំពុង​បន្ត​រាតត្បាតពិភពលោកនៅឡើយ។

    នាយឧត្តមសេនីយ៍ Nam Yeongshin បានសម្តែងនូវការពេញចិត្ត និង​អរគុណ​ចំពោះ​ឆន្ទៈ​រួម​ក្នុង​ការ​បន្ត​ថែ​រក្សាពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ​លើមូលដ្ឋាន និងទិសដៅដែលអតីតមេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ រៀបចំបានផ្តួច​ផ្តើមជាមួយ​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។

    ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​អរគុណ​​ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សមភាគី នៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈកាលកន្លងមក និង​បាន​គូស​បញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ទាំង​ពីរ ដោយបានសង្កត់ធ្ងន់ផងដែរថា ទោះបីប្រទេសទាំងពីរ ក៏ដូចជា​សាកល​លោក​កំពុង​ជួប​ប្រទះ​នូវ​ការលំបាកបង្កឡើង ដោយជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរនេះ ក៏ដោយ​ក៏​ឧបសគ្គ​នេះ​ មិនអាចប៉ះពាល់ដល់ការបន្តទំនាក់ទំនងល្អរបស់យើងបានឡើយ គឺយើង​នៅ​តែអា​ច​ស្វះស្វែង​រិះរ​ក​មធ្យោបាយ ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងជាមួយគ្នា គឺដូចអ្វីដែលកំពុងធ្វើតាមប្រព័ន្ធ Video Teleconferencing (VTC) នាពេលនេះ។

    គួរ​បញ្ជាក់​ផង​ដែរថា នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរអំពីបច្ចុប្បន្នភាព នៃស្ថានភាព​ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរៀងខ្លួនៗ ព្រមទាំងបទពិសោធន៍របស់កងទ័ពជើងគោកទាំងពីរ ក្នុងការ​ចូល​រួមជាមួយរដ្ឋាភិបាល និងប្រជាជន ក្នុងការទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏កា​ច​សាហាវ​មួយ​នេះ សម្រាប់ជាការដកពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក៕ ប្រភព៖ BTVNews

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង