សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។
នៅក្នុងជំនួបព្រឹកមិញនេះ ឯកឧត្តម ANATOLY BOROVIK បានគោរពនាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម Vladimir Putin ចំពោះសម្ដេចតេជោ និងជូនពរសម្ដេចមានសុខភាពល្អ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចតេជោអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីគឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។
ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។
ឯកឧត្តម ឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) បានថ្លែងអំណរគុណ និងអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ចំពោះ ថ្ងៃខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។ តាមពិតទៅ អាណាថូលី បូរូវីក (ANATOLY BOROVIK)បានមកកាន់ប្រទេសកម្ពុជាយើងតាំងពីឆ្នាំ ១៩៨៤ ដែលមកបម្រើការងារជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី ។ ឯកឧត្តមបានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើនទៀតផង។ ឯកឧត្តម ANATOLY BOROVIK បានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។
សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនចំពោះសម្តេចផងដែរ។ សម្ដេចតេជោបានយល់ស្របជាមួយនឹងអ្វីដែលឯកឧត្តមអគ្គរដ្ឋទូតបានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សីដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមកជាពិសេសនៅក្នុងទសវត្សរ៍ ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិជាច្រើនបន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពត មក។ មានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។ ប៉ុន្តែរុស្សីជាមិត្តដែលបានជួយកម្ពុជារហូតមក។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ។
លើសពីនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រើនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានស្នើសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពូជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីរុស្សី ព្រមទាំងជូនពរលោកអគ្គរដ្ឋទូតរុស្សីថ្មី ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕