គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បណ្ដាក្រសួង-ស្ថាប័ន គណបក្សនយោបាយ អង្គការ សមាគមនានា ចេញញត្តិគាំទ្រការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២​ |
    បណ្ដាក្រសួង-ស្ថាប័ន គណបក្សនយោបាយ អង្គការ សមាគមនានា ចេញញត្តិគាំទ្រការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ បណ្ដាក្រសួង-ស្ថាប័ន គណបក្សនយោបាយ អង្គការ សមាគមនានា ចេញញត្តិគាំទ្រការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

    ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបានអនុម័តរួចហើយ បណ្ដាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គណបក្សនយោបាយ វិស័យឯកជន អង្គការ សមាគម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាន​ចេញ​សេចក្ដីថ្លែងការណ៍ និង​ញត្តិ​គាំទ្រ​យ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០នេះ។

    នៅក្នុងសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រទាំងនោះ​ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ បានធ្វើឡើងយ៉ាងត្រឹមត្រូវតាមគោលការណ៍ និង​នីតិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានាឲ្យបាននូវនិរន្តរភាពជាតិ ក៏ដូច​ជា​ធានា​ការ​ពារ​​ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

    ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នា​ពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិប​តេយ្យ សេរីពហុបក្ស និង​របប​រាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ តែថែម​ទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស មានកិច្ចដំណើរការទៅដោយរលូន និង​មិន​មាន​ការរាំងស្ទះ ជាពិសេសការបំពេញបាននូវចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញ និងការ​ធានាឲ្យ​ស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិ មានកិច្ចដំណើរការទៅដោយរលូន មិនជាប់គាំង ប្រកប​ដោយ​និរន្តភាព នៅគ្រប់កាលៈទេសៈ។

    សូមជំរាបថា​ រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធន​កម្ម​​មាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មា​ត្រា ១១៩ ថ្មី (មួយ) និង​មាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ៕

     

    អត្ថបទទាក់ទង