កម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន សម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់ អាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុតដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។
កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថា នឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ាផងដែរ៕