គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។ វិសោធនកម្មលើមាត្រា១៤០ គឺបានបើកផ្លូវឱ្យបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ច្រើនជាងមុន។
កន្លងមកនេះនៅក្នុងមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើនប្រាំពីរ(០៧)រូប ។ គណៈអភិបាលខេត្តមានចំនួនពីបី(០៣)រូប ទៅប្រាំពីរ (០៧)រូប ។ គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពីបី(០៣)រូប ទៅប្រាំ(០៥)រូប ។ ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយ អនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយឡែកមាត្រា១៤០ថ្មី ដែលបានធ្វើវិសោធនកម្ម ហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនាព្រឹកនេះ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖
– គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប។
– គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ១១រូប។
– គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។
ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ក៏បានចែងដែរថា ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន៕