វ៉ាក់សាំង AstraZeneca និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន បានដឹកតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តជាប់ព្រំដែនថៃ នៅព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កងទ័ពអាកាសបានបញ្ចេញឧទ្ធម្ភាគចក្រចំនួន ២គ្រឿង រៀបចំដឹកវ៉ាក់សាំងប្រភេទ AstraZeneca និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ឆ្ពោះទៅកាន់ខេត្តជាប់ព្រំដែនថៃ ដើម្បីចាក់ដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខ។
ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៦សីហាម្សិលមិញ ក្រសួងសុខាភិបាលបានសហការគ្នាជាមួយកងទ័ពអាកាស បានបញ្ចេញឧទ្ធម្ភាគចក្រចំនួន ២គ្រឿងនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីដឹកវ៉ាក់សាំងកូវីដ-១៩ AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ទៅកាន់បណ្តាខេត្តចំនួន៦ ដែលជាប់នឹងព្រំដែនប្រទេសថៃ ដើម្បីចាក់ដូសទី៣ ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខ ខណៈដែលខេត្តទាំងនោះមានបងប្អូនពលករខ្មែរសម្រុកចូលមកកម្ពុជាវិញជាបន្តបន្ទាប់។
វរសេនីយ៍ទោ ឃួន ថោងស៊ីន នាយមជ្ឈមណ្ឌលស្រាវជ្រាវ ចងក្រងឯកសារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានបញ្ជាក់ថា កងទ័ពអាកាសបានរៀបចំឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ដើម្បីដឹកវ៉ាក់សាំង AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតទៅកាន់ប៉ុស្តិ៍ជូរមុខ ដោយតាមរយៈឧទ្ធម្ភាគចក្រនេះមួយគ្រឿងដឹកទៅកាន់ខេត្តកោះកុង ប៉ៃលិន និងខេត្តបាត់ដំបង ហើយឧទ្ធម្ភាគចក្រមួយគ្រឿងទៀតដឹកទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឃួន ថោងស៊ីន បានបញ្ជាក់បន្ថែមថា ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ បានធ្វើការដឹកនូវវ៉ាក់សាំងចំនួន ៥០កេះទាំងតូចទាំងធំរួម រួមនឹងសម្ភារៈបរិក្ខាវេជ្ជសាស្រ្តផ្សេងៗ៕