គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ការ​បង្កើន​សមាមាត្រ​ស្ត្រី​ ក្នុងស្ថាប័ន​សាធារណៈ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ការ​បង្កើន​សមាមាត្រ​ស្ត្រី​ ក្នុងស្ថាប័ន​សាធារណៈ​ សម្ដេចតេជោ​ ហ៊ុន​ សែន​៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ការ​បង្កើន​សមាមាត្រ​ស្ត្រី​ ក្នុងស្ថាប័ន​សាធារណៈ​

    ភ្នំពេញ៖ ក្នុងសារលិខិតអបអរសាទរខួបទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ សម្ដេច​តេជោ​​ ហ៊ុន​ សែន​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា​ រាជរដ្ឋាភិបាល​បាន​​យក​ចិត្ត​ទុក​ដាក់​​​ក្នុងការ​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុងស្ថាប័នសាធារណៈ ដើម្បី​ឲ្យស្ត្រី​បាន​ចូល​រួម​កាន់​តែ​ច្រើន​ឡើង​ក្នុងការដឹកនាំ និង​ធ្វើ​សេចក្ដីសម្រេចទាំងនៅថ្នាក់ជាតិ​ និង​ថ្នាក់ក្រោមជាតិ​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍ថា ឆ្នាំនេះប្រទេសកម្ពុជាពុំបាន​រៀបចំយុទ្ធនាការទិវានារី​អន្តរជាតិ ៨មីនា ដូចបណ្ដាឆ្នាំកន្លងទៅទេ​ដោយសារ​តែបញ្ហាកូវីដ១៩ ដែលនៅតែបន្ត​រីករាលដាល ហើយតម្រូវឲ្យ​មានការចូលរួម​សហការទាំងអស់គ្នាទប់ស្កាត់តាមវិធានការ​របស់​អង្គការ​សុខាភិបាលពិភពលោក និងក្រសួងសុខាភិបាល​។ សម្ដេចបន្តថា ប្រធានបទ «ស្ត្រី និង​ការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩» ពិតជាមានអត្ថន័យ និង​សារសំខាន់​ឆ្លើយតប​ទៅនឹងបរិការណ៍សេដ្ឋកិច្ច​ និងសង្គម ក្នុងអំឡុងនៃការរីករាលជំងឺកូវីដ១៩ ហើយ​បង្ហាញអំពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ស្របតាម​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលស្ត្រីជាឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច និងសង្គមជាតិ​។

    សម្ដេចតេជោ​ បានបញ្ជាក់ថា ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ត្រីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមានការកើនឡើង លើសពីនេះ ក្នុងវិស័យមុខងារសាធារណៈចំនួន​មន្ត្រីរាជការជាស្ត្រីកើនឡើង ៣៤%នៅឆ្នាំ២០០៧ ដល់ ៤១% នៅឆ្នាំ​២០២០ ហើយ​សមាមាត្រស្ត្រីជាមន្ត្រីរាជការក្នុងតួនាទីធ្វើសេចក្ដីសម្រេច​បាន​កើន​ឡើង​ដល់ ២៤% នៅឆ្នាំ​២០១៩។ នៅថ្នាក់ក្រោមជាតិ​មានស្ត្រីជាអភិបាលខេត្ត ២រូប ស្ត្រីជាអភិបាលក្រុង ស្រុក-ខណ្ឌ ៦រូប និងស្ត្រីជាមេឃុំ-ចៅសង្កាត់ កើនឡើង​ពី ៤២រូប នៅឆ្នាំ​២០០២ ទៅ ១៣០រូប ឆ្នាំ​២០១៧។ ចាប់ពីឆ្នាំ​២០០៦ ស្ត្រីក្នុង​កងកម្លាំង​បេសកកម្មរក្សាសន្តិភាព​អង្គការរ​សហប្រជាជាតិមានចំនួន ៣៨៧នាក់ ក្នុងចំណោមកងកម្លាំងសរុបចំនួន​ ៧.០៤០នាក់។

    ទន្ទឹម​នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​កោត​សរសើរ​ចំពោះ​ក្រសួង​កិច្ច​ការនារី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គម​ស៊ីវិល​ ដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិ​ ដែលបាន​ចូលរួម​អនុវត្ត​គោល​នយោបាយ​លើកកម្ពស់សមភាព​យេនឌ័រ និង​ការពង្រឹងអង់អាច​ដល់​ស្ត្រី និងក្មេង​ស្រីយ៉ាង​សកម្ម​សម្រេច​បាន​នូវ​លទ្ធផល​គួរជាទីមោទនៈ។ សម្ដេចតេជោ​បន្តអំពាវនាវដល់​ប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ដែលជាមូលដ្ឋាន​គ្រឹះឈានទៅសម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។

    ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ​ បាន​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន​ដែលតែង​តែយកចិត្តទុកដាក់​ជួយបាន​ទាន់ពេលវេលា ជាពិសេស​បានផ្ដល់​នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កម្ពុជា។ បច្ចុប្បន្ន កម្ពុជាបាន​ និង​កំពុងធ្វើការចាក់វ៉ាក់សាំង តាមគោលដៅដែលបានគ្រោងទុក ទាំងនៅរាជធានី ទាំងនៅតាមខេត្ត​ ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយលក្ខណៈ​បច្ចេកទេសតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​បន្ថែមទៀតថា ពេលនេះផលប៉ះពាល់ពីវិបត្តិកូវីដ១៩ មកលើ​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក​នៅតែបន្ត​ ដូច្នេះគន្លងថ្មីក្រោម​ទស្សទានថ្មី​ ក្នុងកិច្ច​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​​ ប្រកប​ដោយបរិយាបន្ន​ ដើម្បីសម្រេច​បាន​នូវ​គោលដៅអភិវឌ្ឍ​ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់​ឲ្យ​នៅឯកោ គឺជាស្មារតីនៃផែនការស្ដារ សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិជំងឺកូវីដ​១៩​ និងយុទ្ធ​សាស្ត្រចតុកោណ-ដំណាក់​កាលទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ​ ២០៥០។

    ជាមួយគ្នានេះ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី បាន​ស្នើ​ដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និង​វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋ​គ្រប់រូប រួមគ្នា​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ចំណុច​អាទិភាពដូចខាងក្រោម៖

    ១- បន្តពង្រឹងសាមគ្គីភាព និង​ឯកភាពជាតិ ថែរក្សា​សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ជំរុញ​ចលនា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ដើម្បី​ធានា​សុខុមាលភាព ជីវភាពប្រក្រតីរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

    ២- ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម រួមទាំង​សុខមាលភាពស្ត្រី និង​ក្មេងស្រីជាមួយ​ននឹងការ​អនុវត្ត​នូវរាល់​វិធីជំនួយសង្គមនានា។

    ៣- បន្ត​ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈ​ការបង្កើន​ការយល់​ដឹង​ និងអភិវឌ្ឍ​អាជីវកម្ម​ដល់​ស្ត្រី ការ​អភិវឌ្ឍ​អាជីវកម្ម​ខ្នាត​មីក្រូ ខ្នាតតូច​ និងមធ្យម (MSME) ពង្រឹងកម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​បរិយាបន្នហិរញ្ញវត្ថុ។

    ៤- អភិវឌ្ឍមូល​ធនមនុស្ស និងឌីជីថល ជាពិសេស​សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និង​ការអភិវឌ្ឍជំនាញ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម​ សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា(STEAM)។

    ៥- បន្តធានាលើការការពារសិទ្ធិ ដោយ​ស្មើភាពដល់ស្ត្រី ដើម្បីស្ត្រី​អាចធ្វើ​សេចក្ដីសម្រេច​ចិត្ត​នៅគ្រប់​កម្រិត​ ជួយដោះស្រាយរាល់ឧបសគ្គនានា ដែលរើសអើង​ចំពោះស្ត្រី ក្នុង​ការចូលរួម​ធ្វើ​សេចក្ដី​សម្រេច​នៅក្នុង​ស្ថាប័នសាធារណៈនៅគ្រប់កម្រិត និង​ក្នុង​វិស័យនយោបាយ។

    ៦- លើកកម្ពស់សីលធម៌សង្គម​ តម្លៃស្ត្រី​ និងគ្រួសារ​ខ្មែរ​ តាមរយៈការពង្រឹងការអនុវត្ត​កម្មវិធីចិញ្ចឹមកូន​បែប​វិជ្ជមាន​ វប្បធម៌អហិង្សា និង​ការបង្កើន​ការវិនិយោគលើការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិស្តីពីការ​ទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ​២០១៩-២០២៣ ឲ្យបាន​ទូលំទូលាយទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោមជាតិ​។

    ៧- ពង្រឹងយន្តការគណនេយ្យភាព​សម្រាប់​សមភាព​យេនឌ័ររបស់ក្រសួងស្ថាប័ននៅគ្រប់​កម្រិត តាម​រយៈការអភិវឌ្ឍសមត្ថភាព និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព៕

    អត្ថបទទាក់ទង