គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្ដល់វ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនជាង ៣លានដូសដល់កម្ពុជា

        ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១​ |
        រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្ដល់វ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនជាង ៣លានដូសដល់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្ដល់វ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនជាង ៣លានដូសដល់កម្ពុជា

        ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ​ លោកជំទាវ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

        នៅក្នុងជំនួបនោះ ម៉ារីស ផេន (Marise Payne) បានគោរពពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពី​ឯកឧត្តម​នាយករដ្ឋមន្ត្រីអូស្ត្រាលី គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយលោក​ជំទាវ​បាន​ជម្រាប​ជូនថា លោកជំទាវបានមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន២លើកកន្លងមកហើយ ដែល​លើកទី១ គឺនៅក្នុងឆ្នាំ២០០២ និងលើកទី២នៅក្នុងឆ្នាំ២០០៥ ។ ក្នុងដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវមកកាន់កម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញថា កម្ពុជា​មាន​ការអភិវឌ្ឍយ៉ាងខ្លាំង លោកជំទាវបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ។ ជាមួយគ្នា​នោះផងដែរលោកជំទាវក៏បានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាក់ស្រោចវ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ និងការចាប់ផ្ដើមឲ្យសិស្សចូលរៀនវិញ និងបើក​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បែបកន្លងថ្មី។

        លោកជំទាវក៏បានសម្ដែងនូវក្តីរីករាយ នូវកិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទាំង​ក្នុង​ក្រ​ប​ខណ្ឌទ្វេ​ភាគី​ ទាំងក្នុងក្របខណ្ឌពហុភាគី។ ក្នុងក្របខណ្ឌទ្វេភាគី លោកជំទាវបានសម្ដែងនូវ​ក្តីរីករាយ​ចំពោះផ្លែ​ផ្កា​ដែល​ទទួលបានពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកជំទាវបានគោរព​ជម្រាប​ជូន​សម្ដេច​តេជោថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានៅវ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣លាន​២​សែន​៥ម៉ឺនដូស ដែលក្នុងនោះចំនួន ១លានដូស នឹងត្រូវប្រគល់ជូន​កម្ពុជា​មុន​បំណាច់​ឆ្នាំ​នេះ ។ ក្នុងក្រប​ខណ្ឌ​ពហុភាគី​លោកជំទាវ​បានសម្ដែង​នូវ​អំណរ​សាទរ​ចំពោះក​ម្ពុជា​ដែល​បាន​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយលោកជំទាវ​ពិតជារីករាយ​យ៉ាងខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយលោកជំទាវក៏បានជម្រាបជូនសម្តេចតេជោថា អូស្ត្រាលីនឹងជួយដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឲ្យទទួលបាននូវភាពជោគជ័យ។

        ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកជំទាវ ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយ​សង្ខេប​អំពី​មេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា AUKUS។

        ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃរបស់លោកជំទាវ ម៉ារីស ផេន (Marise Payne) អំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និងពហុភាគី ។ សម្ដេចតេជោបានមានប្រសាសន៍ថា អូស្ត្រាលី បានជួយកម្ពុជាច្រើន ជា​ពិសេស​លើ​វិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្កាត់ពូជស្រូវ ដែលហៅ​កាត់ថា Cadi លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើក​ឲ្យ​សិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាល តាមរយៈការផ្ដល់​ជំនួយ​វ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានថ្លែងអំណរគុណ​ចំពោះអូស្ត្រាលី​ដែល​នឹង​ផ្ដល់​អំណោយ​វ៉ាក់សាំងកូវីដ-១៩ នៅពេលខាងមុខដល់កម្ពុជា។ សម្ដេចបានមានប្រសាសន៍បន្តថា សម្ដេចមាន​សុទិដ្ឋិនិយម ក្នុងការបើកប្រទេសដល់ប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី ។

        ក្នុងក្រប​ខ័ណ្ឌអា​ស៊ានសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថា​ អូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈាន​ឆ្ពោះ​ទៅ​កា​ន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីត-១៩ ។ ជាទីបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ារីស ផេន (Marise Payne) ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធ AUKUS និងជូនពរលោកជំទាវឱ្យទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្ត​បន្ទាប់ទៀត៕

        អត្ថបទទាក់ទង