សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរជនបរិច្ចាគថវិកា ចូលរួមជាមួយរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនជាច្រើនដែលបានបរិច្ចាគថវិកា ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានប្រកាសពីការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្ដល់ថវិកាដែលសម្ដេចបានចាត់ទុកថានេះ ជាខឿនការពារសុខភាពរបស់ប្រជាជន បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ សម្ដេចតេជោបន្តថា រហូតមកដល់ពេលនេះ ថវិកាដែលសប្បុរជនចូលរួមមានជាង ១៨លានដុល្លារអាមេរិកហើយ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ដោយនៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតចង់ចូលរួមសម្ដេចបានចាត់ចែងឲ្យមានការទទួលតាម២ជម្រើស និងសូមដាក់ឈ្មោះ ទីកន្លែងរស់នៅឲ្យបានត្រឹមត្រូវ ដើម្បីសម្ដេចបានធ្វើលិខតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។
សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណា និងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជំរាបជូនថាក្នុងករណីមានការផ្ទេរតាមធនាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។»
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្ដេចចាត់ទុកថាជា ខឿនការពារសុខភាពប្រជាជន៕