ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជ្រោមជ្រែង សម្របសម្រួល ដល់ប្រជាពលរដ្ឋបានមករស់នៅ និងតាំងទីលំនៅឋានថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក។
– សម្តេចតេជោ ហ៊ុន សែន បានពន្យល់សារជាថ្មីដល់ប្រជាពលរដ្ឋ ដែលយល់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការឱ្យពួកគាត់ រុះរើ លំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ ដើម្បីរក្សានិរន្តរភាពអង្គរក្នុងបញ្ជីបេតកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរុះរើលំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការឧបត្តម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ទាំងនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។
– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ គ្រាន់ជាថ្ងៃនៃការចាប់ផ្តើម នៃបេសកកម្មរបស់សម្តេច រយៈពេល៥ថ្ងៃ ៤យប់ ធ្វើដំណើរជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្ត សៀមរាប, បន្ទាយមានជ័យ,បាត់ដំបង, ពោធិ៍សាត់ និងកំពង់ឆ្នាំង ដើម្បីអន្តរាគមន៍បន្ទាន់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងតម្រូវការចាំបាច់នានា។
– សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ និងតាមដងស្ទឹងសៀមរាប ខណៈដែលប្រជាពលរដ្ឋ ដែលធ្លាប់តាំងទីលំនៅ នៅតំបន់នោះ បានផ្លាស់មករកទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសាងសង់វត្តមួយនៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានការចូលរួមពីសប្បុរសជននានា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមចូលបុណ្យដើម្បីកសាងរបងវត្តនូវចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិកផងដែរ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុនអគ្គិសនីកម្ពុជាបានប្រកាស មិនយកថ្លៃសេវាតភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋទាំងអស់ ទាំងនៅតំបន់រុនតាឯក និងពាក់ស្នែង (ទាំងអ្នកប្រើកម្លាំង(អំពែ)តូច ឬធំ) ដែលធ្វើឱ្យប្រជាពលរដ្ឋចំណេញយ៉ាងច្រើន។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់ប្រជាពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ សូមចាកចេញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ត្រូវឈរលើគោលការណ៍នាយករដ្ឋមន្ត្រីចំនួន២ គឺ ទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មី។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា ប្រជាពលរដ្ឋទាំងអស់ ទាំងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ទោះមានកម្រិតជីវភាពបែបណាក៏ដោយ ត្រូវបានទទួលប័ណ្ណក្រីក្រប្រភេទ១ និងត្រូវផ្តល់ជូនតាមអត្រាអ្នករស់នៅទីប្រជុំជនដូចៗគ្នា ដែលជាការជួយឧបត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលជារៀងរាល់ខែ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលនាពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នឹងត្រូវអនុបន្តដោយគ្មានអាក់ខាន ទោះជាថ្ងៃក្រោយមានការផ្លាស់ប្តូររដ្ឋបាល នៃការគ្រប់គ្រងក៏ដោយ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិ(ប័ណ្ណរឹង)ដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីជាកេរដំណែលមួយសម្រាប់គ្រួសារ និងអាចឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាព ដែលអាចធ្វើទៅបាន ដូចជា៖ កម្ចីធនាគារជាដើម។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របាយការណ៍សុខាភិបាលបានបញ្ជាក់ពីចំនួនសូន្យ(០)កូវីដ-១៩ នៅថ្ងៃទី២០ ខែតុលា ដែលត្រូវប្រកាសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ដែលជាជោគជ័យធំធេងមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីមិនអនុញ្ញាតឱ្យមានការសាងសង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី , វិហារគ្រឹស្តថ្មី , វិហារឥស្លាមថ្មី ឬទីតាំងសាសនាផ្សេងៗថ្មីៗបន្ថែមទៀត នៅតំបន់រមនីយដ្ឋានអង្គរបានឡើយ តែអ្វីដែលមានចាស់ សូមរក្សានៅចំនួនប៉ុណ្ណោះដដែល។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាលាស្រុកបន្ទាយស្រី នៅតំបន់១ នៃរមនីយដ្ឋានអង្គរ នឹងត្រូវរុះរើមកកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ចំណែកសាលាស្រុកអង្គរធំ ដែលមានទីតាំងនៅតំបន់១ដែរនោះ ក៏ត្រូវរុះរើមកកាន់តំបន់ពាក់ស្នែងផងដែរ ដោយការផ្តល់ផ្ទៃដីសម្រាប់សាងសង់អគាររដ្ឋបាលស្រុកថ្មី។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់បក្សនយោបាយទាំងអស់ សូមកុំភ្ជាប់ខ្លួនជាមួយបុគ្គលទណ្ឌិតសម រង្ស៊ី បើមិនចង់មានបញ្ហាប្រឈមដល់ខ្លួនឯង នៃវិធានការតាមផ្លូវច្បាប់។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបន្តការបោះឆ្នោតជាទៀតទាត់ តាមបែបប្រជាធិតេយ្យ សេរី ពហុបក្ស នឹងមិនមានការប្រែប្រួលនាពេលក្រោយៗនោះឡើយ លើកលែងតែមានជនខ្លះមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ឡើងកាន់អំណាចដោយហិង្សា។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកដង្ហែតាមជនក្បត់ជាតិ សម រង្ស៊ី ដែលផ្តាច់ខ្លួនចេញពីបុគ្គលនោះ នឹងត្រូវស្នើដើម្បីលើកលែងទោស តែបើបន្តនៅជាមួយជននោះ(សម រង្ស៊ី) កុំសង្ឃឹមមានការស្នើលើកលែងលែងឱ្យសោះ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គណបក្សមួយនៅខេត្តសៀមរាប ដែលភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិ ៣ជំនាន់ឈ្មោះ សម រង្ស៊ី សូមមានការប្រយ័ត្នប្រយែង ព្រោះសកម្មភាពរបស់ពួកគេទាំងនោះ រួមទាំងខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នា សម្តេចមានទាំងអស់ផ្ទុកនៅក្នុងទូរស័ព្ទដៃ។
BTVNews