ឯកឧត្ដម ប្រាក់ សុខុន៖ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគី ២០៤ប៊ីលានដុល្លារ
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ប្រទេសប៉ុនគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ២០៤ប៊ីលានដុល្លារ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាសាធារណៈ ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល ៥០ឆ្នាំខាងមុខ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តដែរថា ជប៉ុនក៏ជាប្រភព នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាងគេទី ៣ របស់អាស៊ាន ជាមួយនឹង លំហូរFDI សរុបពីប្រទេសជប៉ុនចំនួន ៨.៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២០។ ជារួមអាស៊ាន និង ជប៉ុនបានសហការគ្នាលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលយើងខំពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់យើងនៅក្នុង ដំណាក់កាលក្រោយកូវីដ-១៩។ ឯកឧត្ដមយល់ឃើញថា តួនាទីនៃវិស័យធុរកិច្ចជប៉ុនមាន សារៈសំខាន់ខ្លាំងណាស់ ហើយពួកគេបន្តវិនិយោគក្នុងអាស៊ាន ដោយទាញយកអត្ថប្រយោជន៍ ពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន”។
ឯកឧត្ដមបានមានប្រសាស៍ថា ទំនាក់ទំនងអាស៊ាន-ជប៉ុនត្រូវបានបង្កើតឡើងជិត ៥០ ឆ្នាំមុន ដែលនេះធ្វើឱ្យប្រទេសជប៉ុន ក្លាយជាដៃគូវ័យចំណាស់ជាងគេមួយរបស់អាស៊ាន។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ត្រូវបានបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើភាពគ្នា។ ការបន្តនិរន្តភាព នៃការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការលើកកម្ពស់សន្តិភាពយូរអង្វែង វិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាព គឺពិតជាចេញជាផ្លែផ្កា និងទទួលបានការកោតសរសើរនៅក្នុងតំបន់យើង។ ពិតណាស់ អាស៊ានចាត់ទុកជប៉ុនជាមិត្តដ៏ជិតស្និទ្ធ និងដៃគូដែលអាចទុកចិត្តបានបំផុត។
ឯកឧត្ដមបន្តថា នៅឆ្នាំក្រោយ យើងនឹងធ្វើការរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ សម្រាប់រយៈពេលកន្លងមកនេះ អាស៊ានបានកោតសរសើរចំពោះការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះមជ្ឈភាពអាស៊ាន និងនិម្មាបនកម្មតំបន់ដែលផ្តោតលើអាស៊ាន ដែលបានរួមចំណែកយ៉ាង សំខាន់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចសហប្រតិបត្តិការរបស់យើងគ្របដណ្តប់លើវិស័យជាច្រើន រាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខលំហសមុទ្រ និង សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត រហូតដល់ វិធានការដើម្បីកសាងការជឿទុកចិត្ត និងទំនុកចិត្តបែប ជាក់ស្តែងនៅក្នុងតំបន់។ នៅក្នុងបរិបទនៃ “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ” របស់ជប៉ុន សកម្មភាពសហប្រតិបត្តិការជាច្រើន បានបង្ហាញឱ្យឃើញពីការបន្ស៊ីគ្នាមួយចំនួននៅក្នុង “ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក” ។
ក្នុងដំណើរឆ្ពោះទៅអនាគតក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ យើងមានការរំពឹងទុកយ៉ាងខ្លាំងថាទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន នឹងត្រូវបានពង្រឹង។ ចំណាប់អារម្មណ៍របស់ប្រទេសជប៉ុន ក្នុងការ បង្កើតឱ្យមាន “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន” គឺពិតជាមាគ៌ាដ៏ល្អបំផុត ដើម្បីជំរុញទំនាក់ទំនងរបស់យើងនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនវានុវត្តន៍ ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេស សម្រាប់កម្លាំងពលកម្មឌីជីថលដែលមានជំនាញខ្ពស់៕
ខាងក្រោមនេះជាសុន្ទរកថាគន្លឹះរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖