សម្ដេចតេជោ ហ៊ុន សែន ៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នេះ បានសរសេរសារអបអរសាទរ ខួបលើកទី៤២ឆ្នាំ នៃថ្ងៃជ័យជំនះ ៧មករា ជាថ្ងៃដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
តាមរយៈហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «នៅថ្ងៃទី០៧ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបលើកទី ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។»
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដែរថា កាលពី ៤២មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។
សម្ដេចតេជោបន្តថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី០៧ ខែ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោបន្តទៀតថា នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ។
ជាមួយគ្នានេះដែរ ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕