អបអរសាទរ! ខួបលើកទី៤ នៃការដាក់បញ្ចូលល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ
អបអរសាទរ! ខួបលើកទី៤ នៃការដាក់បញ្ចូលល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខួបលើកទី៤នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២២)។
«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយ នៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយលក្ខណៈពិសេសរបស់ល្ខោនខោល គឺសម្តែងតែនៅក្នុងរឿងកេរ្តិ៍ខ្មែរតែមួយគត់ ។
ល្ខោនខោល ឬ ល្ខោនភាណី ឬល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយលក្ខណៈពិសេសរបស់ល្ខោនខោល គឺសម្តែងតែនៅក្នុងរឿងរាមកេរ្តិ៍មួយគត់ មិនយករឿងអ្វីផ្សេងមកសម្តែងឡើយ។ អ្នកសម្តែងគឺសុទ្ធតែជាមនុស្សប្រុសៗ ទោះបីតួអង្គជាស្រីក៏យកមនុស្សប្រុសមកសម្តែងដែរ។ សម្តែងពាក់មុខខ្មុក ជាប្រភេទស្មាច់ពីក្រដាស ជារបាំងមុខជារូបក្បាលតួអង្គផ្សេងៗដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី ជាដើម។
មានវង់ល្ខោនខ្លះសម្តែងតួដោយមិនពាក់មុខដែរ ប្រសិនបើតួអង្គមានរូបរាងជាមនុស្ស ដូចជាតួអង្គព្រះរាម ព្រះលក្សណ៍ នាងសេតា តែក្រុមខ្លះទៀតពាក់មុខខ្មុកទាំងអស់ ហើយត្រូវមានអ្នកពោលដំណើររឿង សាច់រឿងដោយចេះចាំស្ទាត់ ព្រមទាំងឆ្លើយឆ្លងពីតួអង្គមួយ ទៅតួអង្គមួយផងដែរ។
ល្ខោនខោលឃើញសម្តែងក្នុងទំនៀមព្រះមហាក្សត្រ ដូចជាព្រះរាជពិធីឡើងសោយរាជ្យ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះរាជពិធីបុណ្យតាំងតុ ព្រះរាជពិធីបុណ្យអុំទូក ព្រះរាជពិធីច្រើនព្រះកេសា ឬកោជុក ព្រះរាជបុត្រ ក្បួនព្រះរាជពិធីហែព្រះបរមសព ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព ព្រះរាជពិធីបួងសួងផ្សេងៗ៕