គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​ព្រឹត្តិការណ៍កីឡា​ជាតិ​លើក​ទី​៣ នឹង​ត្រូវ​រៀបចំនៅចុងឆ្នាំ២០២២នេះ ​តាម​ទម្រង់​ស៊ី​ហ្គេម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២​ |
    ​ព្រឹត្តិការណ៍កីឡា​ជាតិ​លើក​ទី​៣ នឹង​ត្រូវ​រៀបចំនៅចុងឆ្នាំ២០២២នេះ ​តាម​ទម្រង់​ស៊ី​ហ្គេម ​ព្រឹត្តិការណ៍កីឡា​ជាតិ​លើក​ទី​៣ នឹង​ត្រូវ​រៀបចំនៅចុងឆ្នាំ២០២២នេះ ​តាម​ទម្រង់​ស៊ី​ហ្គេម

    ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីការរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការ​ណែនាំ​​ដល់​គណៈកម្មការ​​ជំនាញ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​ប្រសើរ ក្នុងការ​ត្រៀម​រៀបចំ​ការប្រកួត​​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២នេះ ដែល​នឹងត្រូវ​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​ជា​បទពិសោធន៍​ក្នុងការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​​លើកដំបូងនា​ឆ្នាំ​២០២៣។

    ​ឯកឧត្តម​រដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រកួត​កីឡា​ជាតិបានរៀបចំ ២​លើក​រួចមកហើយកាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៨ ខណៈ​ការប្រកួត​លើក​ទី​៣ ដែល​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០២០ ត្រូវបាន​ពន្យា​​ពេលរហូតដល់​ឆ្នាំ​២០២២នេះ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​រៀបចំ​ព្រឹត្តិការណ៍​​ដ៏​ធំ​នេះ​ឡើងវិញ ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

    ​ឯកឧត្តម​រដ្ឋមន្ត្រីបាន​ណែនាំ​ឲ្យ​រៀបចំ​គណៈកម្មការ​ជំនាញ​នានា អ្នកស្ម័គ្រចិត្ត​ឲ្យ​មាន​វិជ្ជាជីវៈ និង​ត្រូវធ្វើ​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​សហព័ន្ធ​កីឡា​ជាតិដោយ​រៀបចំ​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ក៏ដូចជា​ការរៀបចំត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល ពិសេស​វិធានការ ៣​កុំ និង ៣​ការពារ​តែម្ដង។​

    ​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះដែរ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កីឡាបាន​បញ្ជាក់ថា កន្លងមក​ឯកឧត្តម​បាន​បើក​កិច្ចប្រជុំ និង​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ជា​ជំហានៗ​រួចមកហើយ ដោយ​គិតគូ​ទៅលើ​ការរៀបចំ ហូបចុក ស្នាក់នៅ និង​ទំហំ​នៃ​ចំនួន​ប្រតិភូ កីឡាករ កីឡាការិនី​តាម​បណ្តា​រាជធានី​-​ខេត្តក្នុងការ​គ្រប់គ្រង​លើ​បញ្ហា​កូ​វីដ​-១៩ ហើយនឹង​ឈានទៅ​ជ​ជែង​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ CAMSOC គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិជា​ជំហាន​បន្តបន្ទាប់​ទៀត ដើម្បី​សម្រួច​លក្ខណៈ​បច្ចេកទេស​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ជាតិ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ។​ ​

    តាម​គម្រោងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ នឹង​រៀបចំ​ការប្រកួត​នាថ្ងៃទី១៧ ដល់២៨ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ទីលាន ៦​រាជធានី​-​ខេត្ត ពិសេស​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​គណៈកម្មការ​ចូល​រួម​ប្រមាណ ៧,០០០​នាក់។ ចំពោះ​ប្រភេទ​កីឡាដែល​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះគឺមាន ៣៩​ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧​ប្រភេទ​កីឡា៕

    ពាក្យគន្លឹះទាក់ទង