សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ថវិកា ២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារា គង់ សីហា

សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារា គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាប ក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារកុមារា គង់ សីហា នេះផងដែរ។
កុមារា គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឪពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួន។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។
ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែក្មួយប្រុសមានចិត្តចង់រៀនសូត្រ តែជីវភាពក្នុងគ្រួសារមានការលំបាក ដូច្នេះហើយបានជាសម្តេចទាំងទ្វេ ក៏ដូចជាសប្បុរសជនផ្សេងៗជាច្រើនបានជួយដល់ពួកគាត់ អាចឱ្យក្មេងប្រុសនេះ មានសម្ភារបានរៀនសូត្រ និងមានផ្ទះសម្បែងរស់នៅដូចជាគេដូចឯង។ ឯកឧត្តម ក៏បានណែនាំដល់ឪពុកម្តាយរបស់កុមារា គង់ សីហា ត្រូវតែឱ្យកូនទៅរៀន ដោយខាងអាជ្ញាធរ និងជួយជ្រោមជ្រែង។ ហើយអាជ្ញាធរក៏កំពុងសិក្សាមើល ដើម្បីរកវិធីជួយគាត់ដើម្បីមានមុខរបរ ឬការងារធ្វើនៅក្នុងភូមិ ងាយស្រួលឱ្យកូនៗបានរៀនសូត្រ ទទួលបានចំណេះដឹង។
សូមបញ្ជាក់ថា ផ្ទះ២ខ្នងដែលសម្តេចតេជោផ្តល់ជូននេះ ១ខ្នងគឺជូនដល់គ្រួសារកុមារា គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីរបស់ម្តាយ គង់ សីហា ដែលមានជីវភាពខ្វះខាតដែរនោះ។
សូមជម្រាបជូនផងដែរថា កុមារា គង់ សីហា ក្នុងរូបភាពឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀន ត្រូវបានសម្ដេចតេជោ បង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅថ្ងៃទី០២វិច្ឆិកាម្សិលមិញ ដោយក្នុងនោះសម្ដេចក៏បានបង្ហាញពីមោទនភាព ចំពោះកុមារម្នាក់នេះ ដែលមានចិត្តចង់រៀនសូត្រ និងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានរួចរាល់។ រូបភាពរបស់កុមារ គង់ សីហា ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតផុសចែកចាយបន្តគ្នា ហើយក៏មានសប្បុរសជននានា បានសំដែងនូវការអាណិតអាសូ និងផ្ដល់នូវជំនួយឧបត្ថម្ភ ផងដែរ ៕