អ្នកវិភាគចៅចាក់ស្មុក៖ គ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ ក្នុងតួនាទីស្នូលការពារសន្តិភាព បម្រើប្រជាពលរដ្ឋ អភិវឌ្ឍជាតិឱ្យរីកចម្រើនក្នុងសេចក្តីថ្លៃថ្នូរ និងមោទកភាពជាតិ
ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ប្រកួតប្រជែងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១១ថ្ងៃហើយ ហើយប្រជាពលរដ្ឋខ្មែរ បានឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ មានភាពចាស់ទុំនយោបាយ ពោរពេញដោយបទពិសោធក្នុងការកសាង អភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈ បានចុះឃោសនាយ៉ាងសកម្មនិងលេចធ្លោជាងគរបំផុតនៅគ្រប់ទិសទី។ ការគាំទ្ររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតចំពោះគណបក្សប្រជាជនកម្ពុជា និងបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា ក៏មានសន្ទុះខ្លាំងក្លានៅឃុំសង្កាត់ទាំង ១៦៥២ នៅទូទាំងប្រទេស កម្ពុជា។
នេះបង្ហាញកាន់តែច្បាស់ថាប្រជាពលរដ្ឋជឿជាក់យ៉ាងខ្លាំងលើការដឹកនាំប្រកបដោយគតិបណ្ឌិត ការទទួលខុសត្រូវខ្ពស់និងប្រកប ដោយទេពកោសល្យ និងវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងគណបក្សប្រជាជនកម្ពុជាដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម ជាស្ថាបនិកសន្តិភាពនៅកម្ពុជា រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមតាមរយៈនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាំយកសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី និងនាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាពលរដ្ឋមានជីវភាពធូរធារ នាំមកនូវកិត្យានុភាពជាតិ មោទកភាពជាតិកម្ពុជាទាំងនៅក្នុងថ្នាក់តំបន់ និងនៅលើពិភពលោក និងបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋប្រឆាំងនិងបង្ការជំងឺកូវីដ១៩ តាមរយៈការដាក់ចុះនយោបាយវ៉ាក់សាំង ធ្វើឱ្យមានភាពស៊ាំនៅក្នុងសហគមន៍បានបើកប្រទេសឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ។
តួនាទីស្នូលដ៏សំខាន់នេះគ្មានគណបក្សណាមួយអាចមកជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ ទោះបីជាគណបក្សនយោបាយមួយចំនួនព្យាយាមចម្លងគោលនយោបាយ គណបក្សប្រជាជនកម្ពុជាទៅធ្វើគោលនយោបាយខ្លួន និងធ្វើការ ឃោសនាបោកប្រាស់ បំភ្លៃ បំផ្លើស បំភ័ន្ត និងញុះញង់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។ មូលដ្ឋានដ៏រឹងមាំនៃជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ មកលើគណបក្សប្រជាជនកម្ពុជាព្រោះ ទី១-ជាគណបក្សដែលបម្រើប្រជាពល រដ្ឋជាក់ស្តែង និងនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទី២-ជាគណបក្សដែលធ្វើជាក់ស្តែង ហ៊ានថានិងហ៊ានធ្វើ ហ៊ានទទួល ខុសត្រូវចំពោះមុខជាតិនិងប្រជាជន ទី៣-ជាគណបក្សដែលបានគិតគូរខ្ពស់ ពីវាសនាជាតិនិងប្រជាជនយ៉ាងពិតប្រាកដ និងមានសមត្ថភាព បទពិសោធ ធនធានគ្រប់គ្រាន់ដើម្បីបម្រើប្រជាពលរដ្ឋ ការពារប្រទេស និងប្រជាជន ទី៤-មិនឃោសនាភូតកុហកប្រជាពលរដ្ឋ តែធ្វើពិតប្រាកដ និងស្មោះត្រង់ជាមួយជាតិ និងប្រជាពលរដ្ឋ។ ហេតុដូច្នេះបានជានៅរៀងរាល់ការបោះឆ្នោតទាំងការបោះឆ្នោតសកល និងអសកល គណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
នេះក៏ដោយសារតែប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទទួលស្គាល់ការពិត ផ្តល់សច្ចធម៌ដល់គណបក្សប្រជាជនកម្ពុជាដែលធ្វើពិតជាក់ស្តែង និងមានជំនឿថាគណបក្សនេះ មានភាពចាស់ទុំផ្នែក នយោបាយ មានបទពិសោធគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស និងប្រជាជន ការពារផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជំនឿទុកចិត្តដែលប្រជាពលរដ្ឋខ្មែរបានផ្តល់ជូនគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន នេះ និងបន្តទៅមុខរាប់ជំនាន់ទៀត គាំទ្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សានិរន្តរភាពនៃជ័យជម្នះនៅរៀងរាល់ការបោះឆ្នោត ដើម្បីគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពបន្តបម្រើប្រជាពលរដ្ឋរាប់ជំនាន់ទៅមុខទៀត និងកសាងជាតិឱ្យរុងរឿងជារៀងរហូត។
ការសម្រេចចិត្តគូសសន្លឹកឆ្នោតឱ្យគណបក្សណាមួយ ម្ចាស់ឆ្នោតមិនសម្រេចចិត្តតាមអារម្មណ៍នោះឡើយ និងក៏មិនមែន ឈរលើការឃោសនាបោកប្រាស់ និងការយកតែចំណុចអវិជ្ជមានមកឃោសនាដូចដែលគណបក្សមួយចំនួនកំពុងធ្វើដើម្បី ទាញការគាំទ្រមកលើខ្លួនទេ។ ការឃោសនារបស់គណបក្សខ្លះបែបបោកប្រាស់ និងការសន្យាឱ្យលុយប្រជាពលរដ្ឋវាគ្រាន់តែជាការឃោសនា បែបទិញទឹកចិត្ត និងការឃោសនាបោកប្រាស់ ហើយជា គោលនយោបាយដែលគ្មានទិសដៅ នឹងមិនទទួលបានការ គាំទ្រពីប្រជាពលរដ្ឋឡើយ។ ការសម្រេចជ្រើសរើសគណបក្សដែលប្រជាពលរដ្ឋស្រឡាញ់ ពួកគាត់មិនបានជ្រើសតាមតែអារម្មណ៍របស់ខ្លួននោះទេ ប៉ុន្តែពួកគាត់បនត្រូវជ្រើសតាមគោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់ប្រធានគណបក្សនីមួយៗ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងទេពកោសល្យខ្ពស់ និងជាអគ្គមគ្គុទ្ទេសក៏ឯកដែលបានដឹកនាំជាតិ និងប្រជាជនកម្ពុជាក្នុងសុខសន្តិភាព ការអភិវឌ្ឍ និងមោទកភាពជាតិ។ សមាជិកបក្សគ្រប់ជាន់ថ្នាក់បានខិតខំបម្រើប្រជាពលរដ្ឋ និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាការពិត ការដឹកនាំសង្គម និងកសាងប្រទេសត្រូវការពេលវេលា ភាពបត់បែនគ្រប់កាលៈទេសៈ និងប្រកបដោយសមត្ថភាព ហើយក៏មិនអាចល្អឥតខ្ចោះដែរ តែងតែមានកំហុសឆ្គងតិចតួចជាក់ជាមិនខាន តែសំខាន់បានធ្វើឱ្យ ជាតិកម្ពុជាបោះជំហានយ៉ាងស្វាហាប់ក្នុងដំណើរការអភិវឌ្ឍជាតិ និងធ្វើឱ្យប្រជាជនកម្ពុជា ទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។ ប្រជាពលរដ្ឋខ្មែរបានជ្រើសរើសគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដំណើររួមគ្នាលើវិថីនៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតក្នុងស្មារតីស្នេហាជាតិសំដៅកសាងកម្ពុជាឱ្យរីកចម្រើន ហើយធ្វើឱ្យកម្ពុជាជាផ្ទះប្រកប ដោយសុភមង្គល និងសុខដុមរមនាសម្រាប់យើងទាំងអស់គ្នារស់នៅ។
ចៅចាក់ស្មុក សូមផ្តល់យោបល់ជូនបងប្អូនប្រជាពលរដ្ឋថាក្នុងការសម្រេចចិត្តជ្រើសរើស នុងគូសសន្លឹកឆ្នោតជូនគណបកក្សណាមួយ គួរផ្តោតលើចំណុច ៤គឺ ១-ប្រវត្តិចលនាគណបក្ស ២-គោលនយោបាយគណបក្ស ៣-សាមគ្គីភាពផ្ទៃក្នុងបក្ស ៤-កម្លាំងគាំទ្រជាក់ស្តែង និងលទ្ធផលនៃការបោះឆ្នោត។ ប្រសិនបើពិនិត្យលើចំណុចទាំង ៤ នេះគឺគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានឆ្លើយ តបនឹងចំណុចសំខាន់ៗទាំង ៤ នេះ។ គណបក្សបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន និងជាចលនានយោបាយដែលបានចាក់ឫសក្នុងសង្គមកម្ពុជា និងបានដើរតួនាទីសំខាន់ក្នុងដំណើររបស់កម្ពុជាតាំងពីអតីតរហូតមកដល់ពេលនេះ និងតទៅអនាគត។
គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងភាពជាអ្នកដឹកនាំប្រទេសដែលមានចក្ខុវិស័យវែងឆ្ងាយ បហរកបដោយភាពជាក់ស្តែងនិយម និងឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរក្នុងការរស់នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាមជ្ឈមណ្ឌលសាមគ្គីភាពជាតិ ហើយគណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាពរឹងមាំជានិច្ច ហើយជាពិសេសនៅរៀងរាល់ការបោះឆ្នោត ប្រជាពលរដ្ឋបានផ្តល់នូវការគាំទ្រពេញទំហឹងនិងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសឱ្យមានភាពរីកចម្រើន រុងរឿងក្រោមម្លប់នៃសុខសន្តិភាព។ ហេតុដូច្នេះហើយបានជា តាំងពីដើមតរៀងមក គណបក្សប្រជាជនកម្ពុជា និងអំពើល្អ សកម្មភាពនៃការបម្រើប្រជាពលរដ្ឋ ការពារប្រទេស កសាងប្រទេសបានដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋជានិច្ច និងបានផ្តល់ជំនឿទុកចិត្ត និងការគាំទ្រគោលនយោបាយគណបក្សប្រជា ជនកម្ពុជាគ្រប់ការបោះឆ្នោត។ អ្វីដែលពលរដ្ឋខ្មែរជឿជាក់ គណបក្សប្រជាជនកម្ពុជានឹងទទួលជ័យជម្នះដ៏ត្រចះត្រចង់ ហើយជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ជាជ័យជម្នះរបស់កម្ពុជា និងជាជ័យជម្នះរបស់ខ្មែរគ្រប់រូប៕
ដោយ៖ ចៅចាក់ស្មុក