លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន គឺជានិមិត្តរូប នៃស្មារតី «ជួយគ្នាក្នុងគ្រាមានអាសន្ន»!
ជារៀងរាល់លើកនៅ ពេលដែលកម្ពុជាជួបគ្រោះអាសន្នដោយសារ មហន្តរាយធម្មជាតិ ឬ ដោយគ្រោះអាសន្នណាមួយក្តី លោក ហ៊ុន សែន តែងតែដើរតួនាទីឈានមុខគេជានិច្ចក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ក្រៅពីតួនាទីជាអ្នកដឹកនាំប្រតិបត្តិការជួយសង្គ្រោះ ភ្លាមៗទាន់ ពេលវេលា មេដឹកនាំខ្មែររូបនេះក៏នៅ មានចំណុចដ៏លេចធ្លោមួយទៀតដែលគ្មាននរណាអាចប្រៀបផ្ទឹមបានឡើយ នោះគឺតួនាទីជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាអាសន្ន»
ជាក់ស្តែងនៅពេលដែល ប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះអាសន្នបណ្តាលមកពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនារយៈពេលចុងក្រោយនេះ មានសម្បុរសជនខ្មែរជាច្រើន មានតាំងពីមន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញតូចធំរហូតដល់ប្រជាពលរដ្ឋសាមញ្ញបាន នាំគ្នាបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនដើម្បីជួយដល់ជនរងគ្រោះបើទោះបីជាលោក ហ៊ុន សែន មិនបានចេញមុខអំពាវនាវរកជំនួយក៏ ដោយ។ ថវិកាជាច្រើនលានដុល្លារត្រូវបានសប្បុរសជនបរិច្ចាគជួយដោយស្ម័គ្រចិត្តក្នុងរយៈ ពេលយ៉ាងខ្លីបំផុត។
តើហេតុអ្វីបានជា សប្បុរសជននាំគ្នាបរិច្ចាគតាមរយៈលោក ហ៊ុន សែន ដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់?
ទី១៖ គឺបណ្តាលមកពី សប្បុរសជនទាំងអស់យល់ច្បាស់ណាស់ថា លោក ហ៊ុន សែន ជាមេដឹកនាំដែលដឹងសុខទុក្ខពិតប្រាកដរបស់ ប្រជាពលរដ្ឋ ហើយពួកគេមានជំនឿទុកចិត្តដោយឥតសង្ស័យលើមេដឹកនាំរូបនេះទាំងស្រុងថា ថវិកានិងសម្ភារៈ ឬគ្រឿង ឧបភោគបរិភោគដែលពួកគេ បានបរិច្ចាគប្រាកដជាបាន ទៅ ដល់ដៃប្រជាពលរដ្ឋរងគ្រោះយ៉ាងពិតប្រាកដ។ នេះគឺជាគន្លឹះដ៍សំខាន់បំផុតដែលធ្វើឲ្យ សប្បុរសជនទាំងឡាយនាំគ្នាបរិច្ចាគដោយទឹកចិត្តជ្រះថ្លាបំផុតតាមរយៈលោក ហ៊ុន សែន។
ទី២៖ លោក ហ៊ុន សែន គឺជា មេដឹកនាំដែលមិនត្រឹមតែអង្គុយបញ្ជាទៅកាន់ថ្នាក់ក្រោមប៉ុណ្ណោះទេ ប៉ុន្តែគាត់តែងតែ ស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋរងគ្រោះជានិច្ចឲ្យតែពលរដ្ឋជួបគ្រោះអាសន្នណាមួយ។
ភាពរហ័សរហួននិងការចុះជាប់ជាមួយប្រជាពលរដ្ឋដល់ទីកន្លែងរងគ្រោះបានក្លាយ ជា អត្តសញ្ញាណរបស់លោក ហ៊ុន សែនទៅហើយ។ កាយវិការជា គំរូទាំងនេះហើយដែលធ្វើឲ្យមន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញតូចធំ និងប្រជាពលរដ្ឋទូទៅ កោតសរសើរនិងចង់រួមចំណែកដោយស្ម័គ្រចិត្តនិងដោយរីករាយតាមលទ្ធភាពដែលខ្លួនមានដើម្បីភ្ជាប់និស្ស័យជា មួយមេដឹកនាំដ៍ឆ្នើមម្នាក់នេះ។
ទី៣៖ គឺលោក ហ៊ុន សែន តែងតែបង្ហាញទឹកចិត្តអាណិត ស្រឡាញ់ប្រជាពលរដ្ឋរបស់ខ្លួន ដោយសុទ្ធចិត្តឥតក្លែងក្លាយហើយក៍មិនមែនជាការសម្តែង ដូចអ្នកនយោបាយមួយចំនួននោះឡើយ។ មេដឹកនាំខ្មែររូបនេះពិត ជាបានបង្ហាញចេញនូវ មនោសញ្ចេតនាពិតៗប្រាប់ដល់ប្រជាពលរដ្ឋថា គាត់មិនគ្រាន់តែជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែ គឺជាឪពុក ជាពូ ជាបងប្អូន ជាសាច់ញាតិ ជាក្រុមគ្រួសាររបស់ពលរដ្ឋខ្មែរពិតៗ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះតែងតែបានផុសឡើងយ៉ាង ច្បាស់ក្រឡែតនៅរាល់ពេលដែលពលរដ្ឋខ្មែរជួបគ្រោះអាសន្ន ម្តងៗ។ គឺតាមរយៈ មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះហើយដែលជាធ្នាក់ទាក់ទាញទឹកចិត្តឲ្យពលរដ្ឋខ្មែរមិន ថាអ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ ឲ្យរួមត្របាញ់ទឹកចិត្តចូលគ្នាបង្កើតបានជាសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគ ដើម្បីជួយដល់ជនរួមជាតិរបស់ខ្លួនក្នុងនាមខ្មែរតែមួយ។
ទី៤៖ លោក ហ៊ុន សែន គឺជា មេដឹកនាំដ៏មានឥទ្ធិពលនិងដែលទទួលបានការគោរពបំផុតពីមន្ត្រីក្រោមឱវាទក៏ដូចជាពីសំណាក់ មជ្ឈដ្ឋានអ្នកជំនួញនិងប្រជាពលរដ្ឋទូទៅ។ ការគោរព នេះបានកើតឡើងក៍ដោយសារ តែលោក ហ៊ុន សែន ជាមេដឹកនាំដែលមានភាពប្រាកដនិយមបំផុតដែលសេចក្តីសម្រេចចិត្តរបស់គាត់កម្រខុសជាពិសេស គឺ សេចក្តីសម្រេចចិត្តខាង នយោបាយ។ ភាពប្រាកដនិយម នេះហើយដែលធ្វើឲ្យលោក ហ៊ុន សែន ទទួលបានការកោតសរសើរនិងការគោរពបំផុតពីមនុស្សគ្រប់មជ្ឈដ្ឋាន។ នេះគឺជាមូលដ្ឋានដ៏រឹងមាំដែលធ្វើឲ្យ សប្បុរសជននានាតែងតែ បបួលគ្នាជួយរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកណាមួយកើតឡើង។
ទី៥៖ សម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅ លោក ហ៊ុន សែន បានក្លាយជានិមិត្តរូបនៃការជួយ សង្គ្រោះជីវិតខ្មែរចេញពីសេចក្តី ស្លាប់, ជានិមិត្តរូបនៃការអភិវឌ្ឍន៍, ជានិមិត្តរូបនៃការកសាងសន្តិភាពនិងការបង្រួមបង្រួមជាតិ និងជាពិសេសបំផុតជានិមិត្តរូបនៃការធានាស្ថិរភាព នយោបាយនិងសង្គមនៅកម្ពុជា។ ដូច្នេះ នរណាៗក៏ទុកចិត្តនិងចង់ចូលរួមចំណែកក្នុងសេចក្តីល្អជា មួយគាត់ដែរលើកលែងតែជនអគតិមួយក្តាប់តូចដែលវង្វេងជាតិ និងភ្លេចជាតិកំណើតរបស់ខ្លួនតែប៉ុណ្ណោះដែលកំពុងបន្តធ្វើ សកម្មភាពទុច្ចរិតសំដៅបំផ្លាញសុខសន្តិភាពដែលទទួលបាន ដោយសារនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន។
សរុបមកវិញ ជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងដែលកំពុងកើត មាននៅកម្ពុជានាពេលនេះគឺជាគ្រោះដ៏អាក្រក់បំផុតមួយ។ ប៉ុន្តែ នៅក្នុងគ្រោះអាក្រក់នេះ វាក៍បានស្តែងចេញអោយយើងឃើញនូវសញ្ញាល្អមួយចំនួនគួរឲ្យកត់សម្គាល់៖
-សញ្ញាល្អមុនគេគឺ សមត្ថភាពក្នុងការដឹកនាំចាត់ចែងរបស់នាយក រដ្ឋមន្ត្រីខ្មែរឈ្មោះ ហ៊ុន សែន ដែលអាចទប់ទល់បានយ៉ាងល្អទាំងជាមួយកូវីដ-១៩ ទាំងជាមួយគ្រោះទឹកជំនន់។
-សញ្ញាល្អបន្ទាប់មកទៀតគឺ ការលេចឡើងនូវស្មារតីសាមគ្គីរវាងខ្មែរនិងខ្មែរក្រោមដំបូលដឹកនាំរបស់លោក ហ៊ុន សែន ហើយ ស្មារតីនេះក៍កាន់តែរីកធំឡើងជា លំដាប់ដែលជាទីសង្ឃឹមដ៏រឹងមាំរបស់ខ្មែរទៅថ្ងៃអនាគត។
-សញ្ញាល្អមួយទៀតគឺ ភាព សស្រាក់សស្រាំរបស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជារបស់ខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការជួយសង្គ្រោះ ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដោយមិនខ្លាចការនឿយហត់។
ពួកគេបាននិងកំពុងបំពេញ បេសកកម្មដោយទឹកចិត្តមោទនភាពក្នុងនាមជាកូនចៅលោក ហ៊ុន សែន ដែលយក មេដឹកនាំធ្វើជាគំរូ។ នេះគឺជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំជុំវិញលោក ហ៊ុន សែន។
-រីឯសញ្ញាល្អចុងក្រោយមួយ ទៀតគឺ ការលេចឡើងយ៉ាងច្បាស់ក្រឡែតនូវនិន្នាការពីរផ្ទុយគ្នាស្រឡះរវាងអ្នកដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់ពលរដ្ឋខ្មែរនិងអ្នកដែលចាំទះដៃអបអរនិងចាំតែស្តីបន្ទោសដើម្បីជាន់ពន្លិចនៅពេលខ្មែរមានគ្រោះអាសន្ន។ និន្នាការទាំងពីរនេះអាចអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បែងចែកបានយ៉ាងច្បាស់ថា តើពួកគាត់ត្រូវជ្រើសរើសយកអ្នកណាជាមេដឹកនាំ ពោលគឺគ្មានអ្នកណាក្រៅពីលោក ហ៊ុន សែន នោះឡើយ។
«ជួយគ្នាក្នុងគ្រាអាសន្ន» គឺជា ពាក្យគន្លឹះដែលលោក ហ៊ុន សែន តែងតែនិយាយមិនដាច់ពីមាត់នៅក្នុងគ្រាដែលកម្ពុជាជួបគ្រោះអាសន្ន។ ពាក្យគន្លឹះនេះ បាននិងកំពុងក្លាយជាចលនាជាតិមួយដើម្បីបំផុសស្មារតី សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរផង និងក៍កំពុងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ជនរងគ្រោះដោយទឹកជំនន់ផង ហើយវាក៏កំពុងក្លាយជានិមិត្តរូប នៃស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ននៅក្នុងសង្គមខ្មែរតែម្តង។ សម្រាប់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិយាយដោយ ឡែក និងសម្រាប់ពលរដ្ឋខ្មែរទូទៅនិយាយជារួម «លោក ហ៊ុន សែន គឺពិតជានិមិត្តរូបនៃស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន» ដោយមិនអាចប្រកែកបានឡើយ។
ដូច្នេះ វត្តមានរបស់លោក ហ៊ុន សែន ពិតជាមិនអាចខ្វះបានក្នុងការបន្តដើរតួនាទីជាស្នូលនៃកម្លាំងសាមគ្គីជាតិដ៏រឹងមាំនេះ៕
ដោយ : អ្នកនយោបាយតុកាហ្វេ