សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឈប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធើណែត នៅក្នុងបុរី
ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៊ីនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៊ីនធើណែត ក្នុងបុរី។
សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសហការផ្តាច់មុខជាមួយគ្នារវាងម្ចាស់សេវាកម្មអ៊ីនធើណែត និងម្ចាស់ផ្ទះបុរីវាមិនបានផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នោះឡើយ ហើយសកម្មភាពបែបនេះសម្តេចមិនគាំទ្រនោះទេ ដោយសារតែអ្នករស់នៅបុរីទាំងនោះពិបាកទាក់ទងគ្នាយ៉ាងខ្លាំងតាមរយៈទូរស័ព្ទ។