សម្ដេចតេជោ ហ៊ុន សែន៖ «ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ពេលនេះសម្ដេចបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្ដេចសម្រេចដកខ្លួនចេញ ដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ សម្ដេចបានបញ្ជាក់ថា បើពិនិត្យតាមពេលវេលា សម្ដេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។
បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តសម្ដេចជានាយករដ្ឋមន្ត្រីផ្លូវការ សម្ដេចបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។
សម្ដេចតេជោបានបន្ថែមថា ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។
សម្ដេចតេជោបន្តថា ពេលនេះសម្ដេចបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ ប៉ុន្តែមិនទាន់ចប់ត្រឹមនេះទេ សម្ដេចនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្ដេចនឹងបំពេញការងារជាងកន្លះសតវត្សរ៍។
សម្ដេចតេជោ បានអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់(ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត) ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕