កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) បានបញ្ចប់ដោយជោគជ័យ និងបានអនុម័តលើឯកសារសំខាន់ៗចំនួន៣
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM13) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ បានពិភាក្សាទៅលើបញ្ហា ១១ចំណុច និងបានអនុម័តលើឯកសារសំខាន់ៗចំនួន៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នៅក្នុងអំឡុង នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ រយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បានផ្លាស់ប្ដូរទស្សនៈគ្នាដោយត្រង់ទៅត្រង់មក ឥតលាក់លៀមទៅលើបញ្ហាជាច្រើនដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួម ដោយបានកត់សម្គាល់នូវចំណុចសំខាន់ៗចំនួន ១១។ កិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅយ៉ាងជោគជ័យនៅថ្ងៃនេះ ដោយនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ ASEM ក៏បានសម្រេចអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ ផងដែរ៖ ទី១ សេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13, ទី២ សេចក្ដីថ្លែងការទីក្រុងភ្នំពេញ ស្ដីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ និងទី៣ ឯកសារសកម្មភាពអនាគត ស្ដីពីការតភ្ជាប់ ASEM។
សូមជម្រាបថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ រដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្ដាប្រទេសដៃគូ ASEM ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ៕
ខាងក្រោមនេះជា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣៖